ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រសិនបេីស្ថានភាព កាន់តែរីកដាលចំនួនអ្នកផ្ទុកមេរោគ កូវីដ-១៩ នៅកម្ពុជា ចៀសមិនផុតឡេីយ ចំពោះដាក់កម្ពុជា ជាប្រទេសក្នុងគ្រាអា សន្ន។
គម្រោងដាក់ប្រទេស ក្នុងភាពអាសន្ន របស់សម្ដេច ស ខេង បែបនេះបាន ធ្វើឡើងស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាល់ជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែរាតត្បាតដោយជំងឺកូវីដ១៩ ។
គិតត្រឹមយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃេីញអ្នកឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា កេីនឡេីង ដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ រហូតដល់ចំនួន១០នាក់ ផងដែរ។
ក្នុងជំនួបសំណេះសំណាលជាមួយ មន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន កាលពីថ្ងៃទី២៥ មីនា សម្ដេច ស ខេង បានថ្លែងថា ស្ថានភាពជំងឺកូវីដ-១៩ ដែលកេីតមានឡេីងនៅកម្ពុជា សព្វថ្ងៃនេះ មិនទាន់ប្រកាស ប្រទេសក្នុងគ្រាមានអាសន្នទេ។
សម្ដេច មានប្រសាសន៍ថា “មកដល់ពេលនេះ គឺមិនទាន់មានទេ (ដាក់ប្រទេសក្នុងគ្រាមានអាសន្ន) ប៉ុន្ដែសម្ដេចតេជោ លោកកំពុងពិចារណា ។ ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ (កូវីដ-១៩) ជៀសមិនផុតទេ។ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ មិនទាន់មានគោលការណ៍នឹងទេ”។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លេីកឡេីងថា តាមតួលេខ ដែលបានពីអគ្គស្នងការ នគរបាលជាតិ ចំនួនពលករខ្មែរ ដែលបានចាកចេញពីថៃ ក្រោយពីថៃ បាន ប្រកាសបិទព្រំដែន បណ្ដោះអាសន្នជាមួយកម្ពុជា មានជាង ២១,០០០នាក់។
រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឲ្យមន្ដ្រីច្រកព្រំដែនទាំងអស់ ត្រូវត្រៀមទទួលស្វាគមន៍ពលករខ្មែរដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករ ដែលត្រឡប់មកពីថៃ ឲ្យបានច្បាស់លាស់ ផងដែរ។
សូមរំលឹកថា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាកពថ្ងៃទី២៥ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា លេីកឡេីងថា សម្ដេចកំពុងពិចារណា ទួលថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជានុញ្ញាត ដាក់ប្រទេស ឲ្យស្ថិតនៅក្នុងភាពមានអាសន្ន ។
សម្ដេច មានប្រសាសន៍ថា “ខ្ញុំកំពុងឲ្យពិនិត្យលទ្ធភាព ប្រើប្រាស់នូវមាត្រា២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព ។ មាត្រា២២ ដែលចែងថា ក្នុងប្រទេស ដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការ ឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”៕
ដោយ អេង ប៊ូឆេង