ព័ត៌មានជាតិ

ជប៉ុន កំពុងសម្លឹងមើលទីផ្សារ កម្លាំងពលកម្ម នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជប៉ុនកំពុងសម្លឹងមើល ទីផ្សារការងារនៅប្រទេសកម្ពុជាក៏ដូចជាកម្លាំងពលកម្ម ទៅធ្វើការនៅក្រៅប្រទេសខណៈប្រទេសជាមិត្តរបស់កម្ពុជា មួយនេះមានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេស លើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។

ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

អ្វីទៅជាការថែទាំអគារ? ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយ សម្រាប់ប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ន ទីផ្សារការងារនេះកំពុង មានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន, នេះបើតាមការឱ្យដឹងរបស់លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ។

លោក ហ៊ីរ៉ូស្សី បានបន្តថា មកដល់ពេលនេះ សមាគមថែទាំអគារជប៉ុនរបស់លោកមាន សមាជិកប្រមាណជាង ២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១,០០០,០០០នាក់។

លោកបានបន្ថែមទៀតថា ដោយសារប្រទេសជប៉ុន កំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្ស ចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញ ថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជា សមាគមរបស់លោកត្រូវការជ្រើសរើសកម្លាំងពលកម្ម ពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះមានតម្រូវការ ដល់ទៅប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្ម ពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។

លោក ហ៊ីរ៉ូស្សី បានបញ្ជាក់ទៀតថា កន្លងទៅ សមាគមរបស់លោកបានជ្រើសរើសពលករ ជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ សមាគមរបស់លោកមានបំណងជ្រើសរើសពលករជំនាញពី ប្រទេសកម្ពុជាវិញម្ដង។

ការលើកឡើងនេះត្រូវបានលោក អ៉ិត សំហេង សម្ដែងការគាំទ្រយ៉ាងខ្លាំង ដោយបានប្រគល់ការងារ ទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមថែទាំ អគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារ បញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការ នៅប្រទេសជប៉ុន ។

ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត ត្រូវបានលោករដ្ឋមន្ត្រីផ្ដល់ជម្រើសចំនួន ២៖ ទី១. សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ក្នុងនោះក្រសួងមាន គ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន ៥កន្លែង។ ទី២. សមាគមថែទាំងអគារជប៉ុន អាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះការងារជាក់ស្ដែងយ៉ាងណានោះ សូមឱ្យសមាគមថែទាំអគារជប៉ុនសហហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល បច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករបន្តទៀត ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងទទួលស្គាល់ ជាផ្លូវការតាមក្រោយ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត ប៉ុន្តែបើតាមការស្នើរបស់លោក អ៉ិត សំហេង នៅចំពោះមុខគណៈប្រតិភូជប៉ុន គឺសូមឱ្យខាងជប៉ុន បង្កើនការទទួលពលករ ពីកម្ពុជាឱ្យបាន ១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើន ដែលសមាគម ក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើស កម្លាំងពលកម្មដែលមានប្រភព នៅក្នុងប្រទេសស្រាប់ និងប្រភពដែលត្រលប់ពីក្រៅ ប្រទេសបន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ៕

To Top