ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ ចែកម៉ាស់និងទឹកអាកុល ដល់មន្ទីរអង្គភាពកងកម្លាំង ទាំងបីនិងរដ្ឋបាលក្រុង- ស្រុកដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩

ភ្នំពេញ៖លោក វ៉ី សំណាង អភិបាលកំពង់ស្ពឺ បានអញ្ជើញចែកម៉ាសនិងទឹកអាកុលជូនទៅ ដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ដែលជាជំនួយសប្បុរសរបស់បូរីផ្ទះល្វែង ឈុន ទីន ក្នុងការចូលរួមការងារមនុស្សធម៌ ស្របទៅតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ។

យោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២០ លោក វ៉ី សំណាង បានលើកឡើងថា ការចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក៏ដូចជាសម្ភារ:ប្រើប្រាស់របស់សប្បុរសជន នៅពេលនេះគឺជាកាយវិការ បង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាលំបាក។

លោកបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជានឹងអាចយកឈ្នះនូវជំងឺកូវីដ១៩ នេះ តាមរយៈការរួបរួមគ្នាប្រយុទ្ធ និងការពារពីសំណាក់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរ ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ។ គិតមកដល់ត្រឹមថ្ងៃនេះ ខេត្តកំពង់ស្ពឺ មិនទាន់មានករណីជំងឺកូវីដ-19 កើតឡើងនៅឡើយទេ ៕

To Top