ភ្នំពេញ៖ ក្រោយពីមិត្តចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ជាច្រើនមកជួយកម្ពុជានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងឆ្លងផុតដំណាក់កាលលំបាកនេះ ជាពិសេសនឹងអាចបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងពេលខាងមុខដ៏ខ្លីនេះ ។
ក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យអ្នកជំនាញ វេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៦ មីនា សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា វត្តមានក្រុមគ្រូពេទ្យកងទ័ព រំដោះប្រជាជនចិននៅកម្ពុជានាពេលនេះ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជា ឲ្យខិតខំសិក្សា ដកស្រង់ចែករំលែកបទពិសោធន៍ សំដៅលើកកម្ពស់សមត្ថភាព ក្រុមគ្រូពេទ្យកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺកូវីដ១៩ ជួយសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា ។
សម្តេចបន្តថា នេះជាលើកដំបូង ដែលក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន ចេញដំណើរសម្រាប់ជួយបណ្តា ប្រទេសនៅក្នុងពិភពលោក ដូច្នេះកងយោធពលខេមរភូមិន្ទ ត្រូវចងចាំជានិច្ចទុកក្នុង ប្រវត្តិសាស្ត្រសាមគ្គីភាពជាតិ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន តាមពាក្យស្លោកពោលថា «មិត្តល្អស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
សម្តេច ទៀ បាញ់ បញ្ជាក់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការជួយគាំទ្រ ឧបត្ថម្ភទាំងការហ្វឹកហ្វឺន លើកកម្ពស់ជំនាញបច្ចេកទេស ការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងដោយមានកិច្ចសហការយ៉ាងជិតស្នីទ្ធ ពីក្រុមគ្រូពេទ្យកងទ័ព រំដោះប្រជាជនចិននាពេលនេះ ក្រុមគ្រូពេទ្យកម្ពុជា នឹងទទួលបានបទពិសោធន៍សម្រាប់បង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នៅកម្ពុជានាពេលខាងមុខ ជាក់ជាមិនខានឡើយ» ។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ នាយកដ្ឋានសុខាភិបាល និងមន្ទីរពេទ្យព្រះកេតុមាលា បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖
-សហការឲ្យបានជិតស្និទ្ធបំផុត ជាមួយក្រុមគ្រូពេទ្យចិន ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុមាលា និងសម្របសម្រួលសេវា ការងារគ្រប់បែបយ៉ាង ដើម្បីធានានិរន្តរភាពការងារប្រចាំថ្ងៃឲ្យបានល្អ និងមានប្រសិទ្ធភាព
-គ្រប់គ្រងគ្រូពេទ្យបង្គោល ដែលមានភារកិច្ចមកចូលរួម រៀនសូត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ គោរពវិន័យ ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីក្រុមគ្រូពេទ្យចិន ដែលមកបង្ហាត់បង្រៀន សម្រាប់យកទៅអនុវត្តការងារ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ជូនប្រជាជន ឲ្យមានប្រសិទ្ធភាព
-បន្តធ្វើការផ្សព្វផ្សាយ ឲ្យកាន់ តែសកម្មថែមទៀតដល់ក្រុមគ្រូពេទ្យកងទ័ពទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តវិធានការអនាម័យ គឺ“ អនាម័យស្អាត ហូបស្អាត រស់នៅស្អាតនាំមកនូវសុខភាពល្អ” ដោយចាប់ផ្តើមអនាម័យពីយើងម្នាក់ៗជាគំរូ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក្រុមគ្រូពេទ្យយើង មន្ទីរពេទ្យយើង កងទ័ពយើង ប្រទេសយើង ឲ្យបានស្អាត ។
ទន្ទឹមគ្នានេះដែរ លោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធានក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏បានជម្រាបជូនអង្គពិធីថា ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀន ក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ មីនានេះ រួមមានទី១.គ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ១៩ ឲ្យមានវិធីសាស្ត្រល្អ ដាក់ដោយឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត ។ ទី២.កាត់ផ្តាច់ការចម្លងបន្ត កុំឲ្យមានការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣.មានវិធានការការពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជំងឺឆ្លងវីរុសកូវីដ១៩ តាមរយៈប្រើប្រាស់ឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេស ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ មីនារដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។ ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវ វេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើត វ៉ាក់សាំងការពារជំងឺអេបូឡា ដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ ៕