ភ្នំពេញ៖ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លង នៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការ រឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើម អនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៥៩នាទីតទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៧ មីនាបានឲ្យដឹងថា វិធានការសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចរឹតបន្តឹង មានដូចខាងក្រោម៖
១-ផ្អាកគោលការណ៍ លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច (e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។
២-ជនបរទេសដែលមានបំណង ធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការ ជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ចផ្នែកសុខភាព នៃប្រទេសរបស់ សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ បញ្ជាក់ថាខ្លួន ពុំមានវីរុសកូរ៉ូណា(កូវីដ-១៩)ទេ។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានា រ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
៣-តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា។
៤-នៅពេលចូលមក ព្រះរាជាណាចក្រកម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្រ្តីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជន បរទេសនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការ នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។
៥-រាល់ការរឹតបន្តឹងក្នុងការ ធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយនឹងត្រូវ ពិនិត្យឡើងវិញជាប្រចាំដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍នៃស្ថានភាពជា សកលពាក់ព័ន្ធនឹងវីរុសនេះ ៕