ព័ត៌មានជាតិ

អភិបាល ស្រុកខ្សាច់កណ្តាល ចុះត្រួតពិនិត្យ ត្រៀមរៀបចំទីតាំង ទុកជាមុន សម្រាប់ព្យាបាលអ្នកឆ្លង COVID-19

ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ រួមមាន លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងទុកជាមុន សម្រាប់ពិនិត្យព្យាបាលអ្នកឆ្លងមេរោគ COVID-19 នៅមន្ទីរពេទ្យបង្អែកស្រុក និងតាមមណ្ឌលសុខភាពទាំង១៧ ក្នុងស្រុកខ្សាច់កណ្តាល ។

ក្នុងនោះដែរ លោកអភិបាលស្រុក ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ក៏ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាស់ការពារ និងកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។

លោកអភិបាលស្រុក បន្ដថា ប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 ត្រូវទំនាក់ទំនងទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។

នាឱកាស នោះដែរ អភិបាលស្រុកខ្សាច់កណ្តាល ក៏បានចែកម៉ាស់ ១ប្រអប់ ស្មើនឹង ៥០ម៉ាស់ , អាកុល ៣០លីត្រ និងថវិកាចំនួន ២០ម៉ឺនរៀល ជូន ការិយាល័យស្រុកប្រតិបត្តិ១
,មន្ទីរពេទ្យបង្អែក១ ,មណ្ឌលសុខភាព១៧មណ្ឌល សរុប ម៉ាស់ ១៩ប្រអប់ ស្មើនឹង ៧៥០ម៉ាស់ ,អាកុល ៥៧០លីត្រ និងថវិកា ៣,៨០០,០០០រៀល។

ដោយ អេង ប៊ូឆេង

To Top