ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ១៩ ក្រសួង បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណេត (Online) មួយចំនួន ឆ្លៀតឱកាស លក់ទំនិញឡើងថ្លៃ ដូចជាម៉ាស់ការពារមុខ អាល់កុលលាងដៃ ជាដើម ដែលក្រសួង នឹងចុះស្រាវជ្រាវ ព្រមទាំងអនុវត្ត នូវវិធានការតាមផ្លូវច្បាប់ ក្នុងករណី នៅតែលក់ឡើងថ្លៃ កេងចំណេញហួសហេតុ។
យោងតាមសេចក្តីអំពាវនាវ ស្តីពីការរក្សាថ្លៃទំនិញ លើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា បោះត្រា ថ្ងៃទី២៧ មីនា ២០២០ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ចកម្ម បានឲ្យដឹងថា ” ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid19 ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណែត (Online) មួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្លៃ លើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះ អាចបង្កអោយមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ” ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “ក្រសួងពាណិជកម្ម នឹងចាត់មន្ត្រីជំនាញ ចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ” ។
ជាមួយគ្នានោះ ក្រសួងក៏បានធ្វើការអំពាវនាវ ដល់សាធារណៈជនរក្សាភាពហ្នឹងនរ កុំជ្រួលច្របល់ហួតហេតុ និងអោយម្ចាស់ហាង អាជីវករ អ្នកលក់ Online ប្រកាន់ខ្ជាប់ នូវស្មារតី សាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃ ហួសហេតុ ព្រមទាំងបង្កាប់អោយបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញ ដេលចរាចរលើទីផ្សារ សំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី ៕ដោយ ដារាត់