ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលកញ្ចប់តេស្តពិនិត្យរក វីរុសកូវីដ១៩ ពីមូលនិធិ Alibaba របស់មហាសេដ្ឋី Jack Ma

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង បានទទួលមូលនិធិ Alibaba និងមូលនិធិ Jack Ma នូវកញ្ចប់តេស្តពិនិត្យរក វីរុសកូរ៉ូណាថ្មី (Covid19) ចំនួន ២០,០០០ឈុត សម្រាប់បម្រើអោយការការពារ ការឆ្លើយតប តាមការរាតត្បាត នៃជំងឺកូវីដ១៩ តាមរយៈស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។

ពិធីប្រគល់-ទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រគល់ដោយលោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា កញ្ចប់មូនិធិនេះ ទទួលបាន ក្រោយសំណើរសុំ របស់ក្រសួងសុខាភិបាលកម្ពុជា ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា “មូលនិធិ Alibaba និងមូលនិធិ Jack Ma នឹងបន្តផ្តល់នូវជំនួយ ជាសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ជាបន្តបន្ទាប់ជាច្រើន ទៅតាមតម្រូវការរបស់កម្ពុជា” ។

ជាមួយគ្នានោះ លោក ម៉ម ប៊ុន ហេង បានសម្តែង នូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់មូនិធិ Alibaba និងមូលនិធិ Jack Ma តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។ ក្នុងនោះដែរ រដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា មូលនិថិ នឹងផ្តល់នូវជំនួយជាបន្តបន្តាប់ទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើតតបការរាតត្បាត នៃកូវីដ១៩ អោយទទយលបានជោគជ័យកាន់តែឆាប់រហ័ស៕ ដោយ ដារាត់

To Top