ព័ត៌មានជាតិ

អ.ហ ភ្នំពេញ បានចេញផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល ជម្ងឺឆ្លង Covid-19!

ភ្នំពេញ៖ នៅថ្ងៃទី២៦ និង២៧ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរៀបចំ ម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿង បំពងឃោសនសព្ទ ចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ នគរបាលប៉ុស្ត៍ យុវជនស.ស.យ.ក និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល តាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌ។

យុទ្ធនាការ របស់អាវុធហត្ថ រាជធានីភ្នំពេញ នាពេលនេះ គឺឆ្លើយតបទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងពិធីសំណេះសំណាលជាមួយ យុវគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៤២២នាក់ កាលពី ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដោយបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសត្រូវចូលរួម ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬទឹកចែលសម្លាប់មេរោគ និងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បី កុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផល នៃការធ្វើតេស្ត តើវិជ្ជមានឬអវិជ្ជមាន ជាពិសេស អ្នកមកពីបរទេស ឬ បងប្អូនកូនក្មួយពលករ ដែលទើបវិលមក ពីក្រៅប្រទេស សូមដាក់ខ្លួនឯងរស់នៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូន និងក្រុមគ្រួសារសាច់ញាត ដាច់ខាត។

តាមការគូសបញ្ជាក់ របស់មន្ត្រី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមទៀតថា យុទ្ធនាការបញ្ចេញ ក្រុមម៉ូតូកង់បីបំពាក់ដោយ គ្រឿងបំពងឃោសនសព្ទ ចេញផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលនេះ នឹងបន្តធ្វើគ្រប់ទីកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋ បានជ្រួតជ្រាប និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីឌ-១៩ ទាំងអស់គ្នា៕

To Top