ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងមិនទាន់អនុញ្ញាតឲ្យមានការប្រើប្រាស់ rapid test លេីបុគ្គលនីមួយៗដោយខ្លួនឯង នៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ណាមួយពីអង្គការសុខភាពពិភពលោក។
លោកស្រីអ្នកនាំពាក្យ បានលើកឡើងក្នុងគ្រុបតេឡេក្រាម នៅព្រឹកថ្ងៃទី២៩ មីនាថា បច្ចប្បន្នគេកំពុងតែបង្កេីនក្នុងការធ្វេី validation ហើយសង្ឃឹមថានឹងទទួលបានការបញ្ជាក់នាពេលដ៏ខ្លីខាងមុខ។
លោកស្រីថា ជាការពិត បេីអាចប្រើបានជាការល្អ តែត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការចម្លងចូលទៅក្នុងសហគមន៍ចំពោះភាពមិនទាន់ច្បាស់លាស់នៃតេស្តនេះ ដែរ។ ប្រទេសនីមួយៗបានខិតខំផលិតតេស្តបែបនេះច្រេីន ហេីយសុទ្ធតែស្ថិតនៅលេីការសាកល្បងទាំងអស់ ។
លោកស្រី ឱន វ៉ាន់ឌីនបញ្ជាក់ថា “យេីងបានគិតគូរពីបញ្ហានេះ មុននឹងតេស្តទាំងនេះលេចមុខមកម្លេះ តែដេីម្បីកុំឲ្យមានការធ្លោះធ្លោយដោយជាយថាហេតុ យេីងតែងតែពិភាគ្សាជាមួយអង្គការសុខភាពពិភពលោក។ ប្រសិនបេីបុគ្គលម្នាក់ដែលមានវីរុសកូវីដ១៩ តែដល់ធ្វេីតេស្តរហ័សនេះទៅបែរជាឃេីញមិនមានវីរុសកូវីដ១៩ ទៅវិញ អ្នកដែលមានវីរុសនេះ នឹងមានការចម្លងទៅសហគមន៍ ដែលពិបាកនឹងគ្រប់គ្រងណាស់”។
លោកស្រីថា ក្រសួងសុខាភិបាល នឹងយកចិត្តទុកដាក់ជាទីបំផុត លេីវិធានការនិងមធ្យោបាយនានា ដេីម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩នេះ ។ ក្នុងនោះក៏មានរបៀបនៃការធ្វេីតេស្តបែបរហ័សនេះដែរ ហេីយសង្ឃឹមថា នឹងមានការណែនាំឆាប់ៗនេះ នូវតេស្តប្រភេទណា បែបណា ដែលអាចយកមកប្រេីប្រាស់បាន ប៉ុន្តែ មិនមែនសម្រាប់ការផ្សាយលក់ដូរបែបអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះដែរ៕