ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ ឲ្យចាប់ឃុំខ្លួនទណ្ឌិត លេខ 015 អ.យ.ឃ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បង្គាប់ឲ្យស្រាវជ្រាវរកចាប់ទណ្ឌិត ១រូប ឈ្មោះ ភុំ មុនីរ័ត្ន ។
ទណ្ឌិតខាងលើនេះ ជាអតីតជាព្រះសង្ឃ ល្បីឈ្មោះ លួចទំនាក់ទំនងស្នេហា ជាមួយប្រពន្ធ របស់ឪពុកមា តារាចម្រៀង ជុំ លីណូ និងបានប្រើហឹង្សា លើកូនចុង ដែលជាអនិតិជន ត្រូវបានតុលាការបីថ្នាក់ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់ ៤លានរៀល និងសងសំណងរដ្ឋប្បវេណី និងសំណងជម្ងឺចិត្ត ចំនួន១២លានរៀល ទៅដើមបណ្តឹង។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៥ មានករណី ជម្លោះដ៏ក្តៅគគុកមួយកើតឡើង រវាងគ្រួសារឪពុកមា របស់តារាចម្រៀង ជុំ លីណូ និងអតីតសង្ឃល្បីមួយអង្គ ឈ្មោះ ភុំ មុនីរ័ត្ន ។
លោក មាស ឡេង ដែលជាឪពុកមា របស់តារាចម្រៀង ជុំ លីណូ បានរៀបរាប់ថា ប្រពន្ធគាត់ បានសុំធ្វើលិខិតលែងលះ ម្តងហើយម្តងទៀត ដោយប្រាប់ថា ដើម្បីរកអ្នកមកការ និងធានាយកកូនទៅនៅអូស្ត្រាលី ទោះបីលោកហាមឃាត់ យ៉ាងណាក៏នាងមិនព្រម ទើបលោកសម្រេចចិត្តផ្តិតមេដៃ លែងលះប្រគល់កូន ទាំងបីឲ្យទៅម្តាយ ជាអ្នកគ្រប់គ្រង តែមិននឹកស្មានថា អតីតសង្ឃល្បីឈ្មោះ ភុំ មុន្នីរ័ត្ន បានលួចទំនាក់ទំនង ជាមួយប្រពន្ធរបស់ខ្លួន តាំងពីនៅជាសង្ឃនោះឡើយ។
បន្ទាប់ពីលោកបានផ្តិតមេដៃ លែងលះប្រពន្ធ បាន៣ខែ អតីតសង្ឃអង្គនោះ ក៏បានសឹក មករៀបការ ជាមួយប្រពន្ធខ្លួនតែម្តង។
កូនស្រី០២រូប និងកូនប្រុស០១រូប ដែលលោក មាស ឡេង បានប្រគល់ ឲ្យទៅម្តាយគ្រប់គ្រង គឺសុទ្ធតែមានអាយុតិចជាង១២ឆ្នាំ អំឡុងពេល រស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ កូនស្រីទាំង០២ របស់លោក ត្រូវបានឪពុកចុងមានឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃផងនោះ បានធ្វើទារុណកម្ម ជាច្រើនលើក ហើយមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាម លើរាងកាយ គួរឲ្យខ្លោចចិត្តបំផុត។
ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយា របស់លោក ធ្វើទារុណកម្ម លើកូនស្រីយ៉ាងធ្ងន់ធ្ងរ ហើយលោកមានទាំងភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹង ទាមទារសិទ្ធិ គ្រប់គ្រងចិញ្ចឹមកូន ទាំង៣មកវិញ។
ប៉ុន្តែនៅពេលដែលលោក ប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូន ទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុង បានប្ដឹងលោកពីបទ ពង្រត់និងបង្ខាំង មនុស្សខុសច្បាប់ ទៅកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយសំណូមពរ ឲ្យលោកជាប់គុក និងទាមទារឲ្យសងជម្ងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។
ការប្តឹងផ្តល់បានអូសបន្លាយ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដោយបានកាត់ក្ដីឲ្យជនជាប់ចោទឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃល្បីឈ្មោះ ក្នុងសំណុំរឿង ប្រើអំពើហិង្សា លើអនិតិជន ដោយតុលាការបានកាត់ ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណងរដ្ឋប្បវេណី និងសំណងជម្ងឺចិត្ត ចំនួន១២លានរៀល ទៅដើមបណ្តឹង។ ប៉ុន្តែសាលក្រម មិនត្រូវបានអនុវត្តទេ ដោយជនជាប់ចោទ ភុំ មុនីរ័ត្ន បានដាក់ពាក្យប្ដឹង ទៅឧទ្ធរណ៍បន្តទៀត។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសជាសាធារណៈ ដោយវិនិច្ឆ័យ សេចក្តីតម្កល់សាលក្រម ព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ជនជាប់ចោទ ភុំ មុនីរ័ត្ន ក៏បន្តប្តឹងសាទុក្ខ ទៅតុលាការកំពូល ថែមទៀត។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ តុលាការកំពូល បានប្រកាសសាវនាការជាសាធារណៈ និង តម្កល់សាលដីកា ព្រហ្មទណ្ឌ របស់សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការពេញ ទាំងមូលដដែល។
បើទោះបីជា តុលាការទាំងបីថ្នាក់ បានសម្រេចឲ្យលោក មាស ឡេង ឈ្នះក្តីក៏ដោយ តែទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន នៅតែមានសេរីភាពជាធម្មតា និងបានបង្ហោះសារឌឺដង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៅកាន់ដើមបណ្តឹងទៀតផង ទើបនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មេធាវីតំណាង ដោយអណត្តិរបស់លោក មាស ឡេង បានដាក់ពាក្យស្នើសុំ ដីកាស្វែងរកចាប់ខ្លួនទណ្ឌិត ភុំ មុនីរ័ត្ន នៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អយ្យការអមសា
លាដំបូងរាជធានីភ្នំពេញ បានពិនិត្យសំណុំរឿង និងឯកសារពាក់ព័ន្ធ ចប់សព្វគ្រប់អស់ហើយ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ឃុំខ្លួន ទណ្ឌិត ភុំ មុន្នីរ័ត្ន ប្រគល់ជូនមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនទណ្ឌិតរូបនេះ រហូតបានសម្រេច និងបានបញ្ជូនទៅកាន់ពន្ធនាគារ ដើម្បីអនុវត្តទោស កាលពីល្ងាចថ្ងៃទី២៨ ខែមីនាឆ្នាំ២០២០ នេះរួចហើយ៕