ម៉ានីល៖ ក្រសួងសុខាភិបាល របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៩មីនា បានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ឬកូវីដ១៩ចំនួន ៣៤៣ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួន អ្នកឆ្លងកើនឡើង ដល់កម្រិតខ្ពស់ថ្មីគឺ ១.៤១៨ នាក់ ចំណែកចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ៧១ នាក់ផងដែរ ខណៈដែលអ្នកជំងឺ ដែលបានជាសះស្បើយ បានកើនដល់ ៤២ នាក់។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើង នៃចំនួនអ្នកផ្ទុកវីរុសសរុបនៅទូទាំងប្រទេស កើតឡើងចំពេលនៃការមកដល់ នៃឧបករណ៍ធ្វើតេស្តរកមេរោគ ដែលបានបរិច្ចាគថ្មី និងការបើកមន្ទីរពិសោធន៍ថ្មី ដែលជំរុញដល់សមត្ថភាព ដំណើរការរបស់ប្រទេសនេះ។
សូមជម្រាបថា នៅទូទាំងពិភពលោក មនុស្សចំនួន ៦៦២.៩៦៧ នាក់បានឆ្លងវីរុសថ្មីនេះ ខណៈដែលមនុស្ស ៣០.៨៥១ នាក់ បានស្លាប់។ នេះបើយោងតាមទិន្នន័យពីវែបសាយ Worldometers គិតត្រឹមព្រឹកថ្ងៃអាទិត្យ។
អង្គការសហប្រជាជាតិ បានព្រមានដល់សហគមន៍អន្តរជាតិថា “ មនុស្សជាតិទាំងមូល” បានប្រឈមនឹងហានិភ័យ ដោយវីរុសកូរ៉ូណា ឬកូវីដ១៩ ៕
ប្រែសម្រួលៈ ណៃ តុលា