ព័ត៌មានជាតិ

ក្រុមហ៊ុន ស្មាត អាស្យាតា ប្រកាសផ្តល់ជំនួយ​ មូលនិធិ​​ ១លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់ ​វីរុសកូវីដ១៩

ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសមូលនិធិដែល មានទឹកប្រាក់ ចំនួន ១,០០០,០០០ដុល្លារអាមេរិក ក្នុងការចូលរួមចំណែក ជួយទៅដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាត នៃវីរុសកូវីដ១៩។ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែម ក្រៅអំពីចំនួនទឹកប្រាក់ សរុបចំនួន១% (មួយភាគរយ) នៃចំណូលដុលប្រចាំឆ្នាំ ដែលក្រុមហ៊ុនប្រើប្រាស់ សម្រាប់ចំណាយលើកម្មវីធី ទំនួលខុសត្រូវ សង្គម (CSR) របស់ខ្លួន។

មូលនិធិនេះ ត្រូវបានរៀបចំឡើងបន្ថែម ពីលើសកម្មភាពនានា ដែលក្រុមហ៊ុន ស្មាត អាស្យាតា បានអនុវត្ត ក្នុងនោះរួមមានដូចជា ការដាក់តំឡើង ជាបណ្តោះអាសន្ន សេវាកម្ម telemedicine ប្រើប្រាស់បច្ចេកវិទ្យា ជំនាន់ទី៥ (5G) ការផ្តល់ជូនបន្ថែម សេវាទិន្នន័យ និងយុទ្ធនាការ ផ្សព្វផ្សាយជាច្រើន។ មូលនិធិនេះ គឺនឹងត្រូវយក ទៅប្រើប្រាស់ សម្រាប់ជាជំនួយផ្នែកហិរញ្ញវត្ថុ ដល់សកម្មភាព ទាំងឡាយណា ដែលមានសមត្ថភាព ចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងអំឡុងពេល កំពុងកើតមាន និងក្រោយពេលបញ្ចប់ បញ្ហាផងដែរ។

ការផ្តល់ជូនបន្ថែមនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន ស្មាត រួមជាមួយក្រុមហ៊ុន Huawei បានតំឡើងជាស្ថាពរ នូវស្ថានីយបណ្តោះអាសន្ន សម្រាប់ជួយទ្រទ្រង់ សម្របសម្រួល និងតាមដានបញ្ហាវីរុសកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាក្រកម្ពុជា។ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មន្ទីពេទ្យមិត្តភាព កម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ បានតភ្ជាប់បណ្តាញ ជាស្ថាពរទៅកាន់ក្រសួងសុខាភិបាល សម្រាប់ប្រព័ន្ធទំនាក់ទំនង វីដេអូ (Video Conference) ដោយប្រើប្រាស់ ហ្វ្រេកង់ស៍វិទ្យុសាកល្បង បច្ចេកវិទ្យាជំនាន់ទី៥(5G) ដើម្បីធានាឲ្យបាន នូវល្បឿនលឿន និងមានសមត្ថភាពខ្ពស់បំផុត។ ការរៀបចំតំឡើង ជាលក្ខណៈបណ្តោះអាសន្ននេះ គឺបានក្លាយជាករណីប្រើប្រាស់ ដោយផ្ទាល់លើបច្ចេកវិទ្យា ជំនាន់ទី៥ (5G) ដំបូងបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត បានអោយដឹងថា បើទោះបីជាយើងខ្ញុំបាន វិនិយោគជាច្រើន​ រយពាន់ដុល្លារអាមេរិក ក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍មកនេះក្តី យើងខ្ញុំក៏នៅតែពិនិត្យឃើញថា មានចំនុនជាច្រើនទៀត ដែលយើងទាំងអស់ ត្រូវរួមគ្នាចូលរួមគាំទ្រ និងដោះស្រាយ។

មូលនិធិមួយលានដុល្លារអាមេរិកនេះ គឺនឹងត្រូវផ្តោតជាសំខាន់ ទៅលើគំនិត ផ្តួចផ្តើមទាំងឡាយ ចំពោះវិស័យទាំងបួន រួមមានៈ បច្ចេកវិទ្យាទូរគមនាគមន៍ គមនាគមន៍ និងព័ត៌មាន សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ វិស័យឯកជន រួមទាំងវិស័យ សហប្រតិបត្តិការ សាធារណៈទាំងអស់ ដែលមានចំណាប់អារម្មណ៍ សូមមេត្តា រៀបចំគំរោងការរបស់ខ្លួន ដើម្បីទទួលបាននូវ កញ្ចប់មូលនិធិ ក្នុងទំហំទឹកប្រាក់ រហូតដល់ ២០០,០០០ (ម្ភៃម៉ឺនដុល្លារអាមេរិក) យកទៅអនុវត្ត គំរោងរបស់ខ្លួន។

យើងខ្ញុំនឹងចាប់ផ្តើម​ ទទួលពាក្យពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ តទៅ។ សូមលោកអ្នក ដែលមានចំណាប់អារម្មណ៍ រៀបចំគំរោងការរបស់ខ្លួន មកកាន់យើងខ្ញុំ ទៅតាមប្រភេទវិស័យនីមួយៗ។ យើងខ្ញុំនឹងធ្វើការពិនិត្យ ជម្រុះក្នុងក្របខណ្ឌផ្ទៃក្នុង របស់ក្រុមហ៊ុនជាមុនសិន មុននឹងធ្វើការដាក់ជូន ទៅពិនិត្យសម្រេច ពីសំណាក់គណៈកម្មាធិការ ដែលមានសមាសភាព មកពី ក្រុមហ៊ុន ស្មាត អាស្យាតា ក្រុមហ៊ុនមេ របស់ក្រុមហ៊ុន ស្មាត (Axiata Group) និងតំណាងពីស្ថាប័ន្នឯករាជ្យ ផ្សេងៗដទៃទៀត។

សម្រាប់ព័ត៌មានលម្អិត ស្តីអំពីមូលនិធិនេះ សូមលោកអ្នកចូលទៅកាន់ បណ្តាញទំនាក់ទំនងសង្គម របស់ក្រុមហ៊ុន Smart Axiata និង Smart For Cambodia ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិ នៃក្រុមហ៊ុន ស្មាត អាស្យាតា ក៏បានឲ្យដឹងបន្ថែមទៀតថា ក្រៅតែអំពីការតភ្ជាប់ បណ្តាញទំនាក់ទំនង ទៅកាន់មជ្ឍមណ្ឌលមេ របស់ក្រសួងសុខាភិបាល តាមរយៈការប្រើប្រាស់ ហ្រ្វេកង់ស៍វិទ្យុបច្ចេកវិទ្យាជំនាន់ ទី៥ ដែលយើងខ្ញុំទទួលបាន អាជ្ញាប័ណ្ណសាកល្បងនោះ យើងខ្ញុំក៏បានផ្តល់ជូន នូវសេវាទិន្នន័យបន្ថែម ជូនដល់អតិថិជន រាល់ពេលនៃការបញ្ចូលទឹកប្រាក់ តាមរយៈ (e-top ups) , Smart @Home និងអតិថិជន ជាលក្ខណៈក្រុមហ៊ុនទាំងអស់។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ស្មាត អាស្យាតា ក៏បាននិងកំពុងចាត់វិធាន ចាំបាច់នានា ចំពោះមុខ ក្នុងទិសដៅធានាឲ្យបាន នូវសុខមាលភាព ជូនដល់បុគ្គលិកនិយោជិតទាំងអស់ ក៏ដូចគ្នាផងដែរជូន ទៅដល់ដៃគូប្រតិបត្តិការ និងអតិថិជនទាំងអស់ តាមរយៈនិយាមនៃការគ្រប់គ្រង និរន្តរភាពអាជីវកម្មរបស់ខ្លួន។ សកម្មភាពមួយចំនួនដែលបាន និងកំពុងអនុវត្តរួមមាន៖ ការវាស់ស្ទង់កំរិត សីតុណ្ហភាពកំដៅ ការរៀបចំឲ្យមាន នូវជែលលាងសំអាតដៃ និតិវិធីសំអាតអនាម័យ តម្រូវឲ្យបុគ្គលិកនិយោជិត ដែលបំរើការផ្ទាល់ ជាមួយអតិថិជន ត្រូវពាក់ម៉ាស់ការពារ ធ្វើការងារពីផ្ទះ លើកពេលវេលា ចំពោះកម្មវិធីរបស់ក្រុមហ៊ុន ដែលបានគ្រោងទុកពីមុនមក និងធ្វើការប្រជុំតាមរយៈ កម្មវិធីឌីជីថល (Virtual) នានា។

លោក ថូម៉ាស ហ៊ុន ក៏បានមានប្រសាសន៍ បន្ថែមទៀតផងដែរថា សេវាទំនាក់ទំនងទូរគមនាគមន៍ គឺត្រូវបានកំណត់ ជាសេវាកម្មដែលមានភាពចាំបាច់បំផុត ដូចទៅនឹងសេវាអគ្គិសនី និងសេវាទឹកស្អាតផងដែរ សម្រាប់ប្រទេសជាតិនីមួយៗ។ ខណៈពេលដែលយើងខ្ញុំ កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បំផុតនោះ យើងខ្ញុំក៏យល់យ៉ាងច្បាស់ អំពីភាពចាំបាច់ និងតម្រូវការរបស់អតិថិជន ជាច្រើនលាននាក់ ដែលពួកគាត់ទាំងអស់ មានការជឿជាក់ និងត្រូវការការតភ្ជាប់ជានិច្ច។ អាស្រ័យហេតុនេះ យើងខ្ញុំនឹងអនុវត្ត គ្រប់មធ្យោបាយ ដើម្បីផ្តល់សេវាកម្ម ជូនដល់អតិថិជនទាំងអស់ ដោយមានការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងអំឡុងពេល នៃវិបត្តិដែលយើងទាំងអស់គ្នា បាននិងកំពុងប្រឈម នាពេលបច្ចុប្បន្ននេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី ទំនួលខុសត្រូវសង្គម និងនិរន្ដរភាពនៃក្រុមហ៊ុន Smart, សូមចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top