ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀល ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០២០ កំពុងរៀបចំធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ កូវីដ-១៩ និវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលប្រព្រឹត្តទៅនៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការ គណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងទិសដៅស្នូលជំរុញគោល នយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់ទី៤ របស់រាជរដ្ឋាភិបាល។
តាមរយៈវេទិកានេះ ក៏មានការធ្វើបច្ចុប្បន្នភាព ស្ដីពី វិរុស កូវីដ-១៩ (COVID-19) ដេីម្បីផ្ដល់ព័ត៌មានជូនសាធារណជនឲ្យបានជ្រាបច្បាស់ពីស្ថានភាព វិរុស កូវីដ-១៩ ពីសំណាក់មន្ដ្រីជំនាញ របស់ក្រសួងសុខាភិបាល។
សូមជម្រាប ថា វាគ្មិនដែលអញ្ជើញចូលរួម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ,តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ៕ ដោយ អេង ប៊ូឆេង