ព័ត៌មានជាតិ

អាមេរិកស្នើកម្ពុជា យោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋការមិនទាន់អាច ត្រឡប់ទៅវិញបាន ដោយសារវិបត្តិ Covid-19

ភ្នំពេញ៖ ស្ថាតទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ ដល់ប្រជាជន និងភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋការ (Visa) ប៉ុន្តែមិនអាចត្រលប់ ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19ដែលកំពុងរាតត្បាតពាសពេញ ពិភពលោក។នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

ការស្នើយ៉ាងដូច្នេះត្រូវធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក មូហ្វី បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែថ្លែងអំណរគុណ និងមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុនិងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។

លោកបានបន្តថា នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនងនេះសិន។ ប៉ុន្តែបើតាមលោក មូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ដោយបានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ»។

លោក មូហ្វី បានជម្រាបជូនលោក ថោង ខុន ថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើង

ហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជា

ហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃក្រសួងការបរទេសនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រួលនិងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ។

សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកប្រមាណជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់។

ជាការពិតណាស់ បើតាមលោក ថោង ខុន ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់នេះទៅ កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។

ជាមួយគ្នានោះ លោក ថោង ខុនបានស្នើបន្ថែមទៅស្ថានទូតអាមេរិកឱ្យជួយគាំទ្រសកម្មទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍និងកម្មវិធីព្រៃឡង់និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារអាមេរិក ក៏ដូចជាជំរុញការវិនិយោគទេសចរណ៍ពីអាមេរិកមកកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើទាំងនេះហើយនឹងបន្តចូលរួមក្នុងសកម្មភាពអភិវឌ្ឍវិស័យទេសចរណ៍តំបន់អេកូទេសចរណ៍នៅតំបន់ជុំវិញបឹងទន្លេសាប។ 

លោកក៏សង្ឃឹមថាឆ្នាំនេះលោកនឹងបានចូលរួមកម្សាន្តក្នុងទិវារត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នៅខែធ្នូ ២០១៩ ម្តងទៀតផងដែរ៕

To Top