ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវ ដល់ពលរដ្ឋ-សង្គមស៊ីវិល កុំព្រួយបារម្ភ ចំពោះច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភ ចំពោះច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន ព្រោះច្បាប់នេះមិនមែនបង្កើតឡើង ដើម្បីរឹតដ្បិតសេរីភាពពលរដ្ឋ ក្នុងបញ្ចេញមតិនោះឡើយ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ ទៅលើសេចក្តីព្រាងច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនទាន់មានច្បាប់ គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះ ការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយ គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។

សម្ដេច មានប្រសាសន៍ថា «(ខ្ញុំ)អំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឲ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាព របស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិ នោះឡើយ»។

ដូចគ្នានឹង ប្រសាសន៍លើកឡើង របស់សម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញ ចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថា អ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះ ដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។

សម្តេចតេជោបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេស ឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិ ស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់និងលម្អិត អំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិ ឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាស ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិ ស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់ គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន នឹងត្រូវលើកមកពិភាក្សានិងសម្រេច ក្នុងកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័ត ទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តី ធ្វើការពិនិត្យសម្រេចហើយនោះ៕ ដោយ៖ អេង ប៊ូឆេង

To Top