ភ្នំពេញ៖ ព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម៥០ម៉ឺនដុល្លារ រួមនឹងសំភារៈការពារជាច្រើន ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីរួមដំណើរជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវិដ១៩ ក្រោយកម្ពុជា បានរកឃើញអ្នកឆ្លង នូវមេរោគនេះជាង១០០នាក់ គិតត្រឹមចុងខែមីនានេះ។
ក្រោមពាក្យស្លោក «កម្ពុជា-ចិនរួមចិត្តតែមួយ ព្រីនស៍អមដំណើរជាមួយ» លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានលើកឡើងថា ការផ្តល់ជូនសម្ភារបង្ការ ការពារជម្ងឺកូវិដ១៩ ដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងស្មារតី ទំនួលខុសត្រូវសង្គម ដោយព្រីនស៍ ហូល ឌីង គ្រុប ចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ខណៈការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅលើពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ចំណែកឯប្រទេសកម្ពុជា ក៏មានអ្នកជម្ងឺជាង ១០០ នាក់ហើយដែលបានឆ្លងជម្ងឺកូវិដ១៩នេះ។ ប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរ នៃការរីករាលដាលនេះ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភជាថវិកា និងសម្ភារបង្ការ ការពារជាច្រើនលើក ដូចខាងក្រោម៖
១. ផ្តល់វិភាគទានជាសាច់ប្រាក់ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់ រាជរដ្ឋាភិបាលកម្ពុជា
២. ឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នូវសម្ភារបង្ការការពារផ្សេងៗ ដែលមានតំលៃជាង ៦០ ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះរួមមាន៖
– ម៉ាស N95 ចំនួន ២០០០០ ម៉ាស
– ម៉ាសប្រើប្រាស់មួយដង ចំនួន ២០០០០០ ម៉ាស
– ម៉ាសការពារវេជ្ជសាស្ត្រ ចំនួន ១៥០០០ ម៉ាស
– ថ្នាំសម្លាប់មេរោគ SURFANIOS ចំនួន ៦ធុង
– ថ្នាំសម្លាប់មេរោគ Hexanios ចំនួន ២៧ធុង
– chlorisarav 29 ចំនួន ១០០
– សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រ ចំនួន ៧០០០ឈុត
– ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ៤០០០០ គូ
– ឧបករណ៍ផ្តិតយកសំណាកវេជ្ជសាស្ត្រ ចំនួន ២០០០០ ឈុត
– ម៉ាស៊ីនអ៊ុកស៊ីសែន ចំនួន ៥ គ្រឿង
– ម៉ាស៊ីនត្រួតពិនិត្យអ្នកជម្ងឺ(Patient monitor) ចំនួន ៣ គ្រឿង
– ឧបករណ៍ចាក់ថ្នាំដោយស្វ័យប្រវត្តិ ចំនួន ៣ គ្រឿង
– សម្លៀកបំពាក់ការពារ ចំនួន ៤០០០ ឈុត
– ឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩ ចំនួន ២៦៤០០ ឈុត
៣. ឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដូចជា៖
– សម្លៀកបំពាក់ការពារ ចំនួន ៥០០ ឈុត
– ម៉ាស ចំនួន ១០០០០ ម៉ាស
– ស្រោមដៃ ចំនួន ១០០០០ គូ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិត ដើម្បីថ្លែងអំណរគុណ និងកោតសសើរដោយស្មោះ ចំពោះលោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់វិភាគទានជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់យុទ្ធនាការ ទប់ទល់និងប្រឆាំង ការរីករាលដាល នៃជម្ងឺកូវិដ១៩ ។
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធាន ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា ទាំងនេះជាសម្ភារ ដែលក្រុមគ្រូពេទ្យជួរមុខកំពុងត្រូវការជាបន្ទាន់ ជាពិសេសគឺម៉ាស៊ីនអ៊ុកស៊ីសែន សម្លៀកបំពាក់ការពារ ម៉ាស និងឧបករណ៍ធ្វើតេស្ត រកមេរោគកូវិដ១៩។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់ជំនួយខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កំពុងត្រូវការខ្លាំងបំផុត។
លោកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានមានប្រសាសន៍ថា ក្រោមការបញ្ជា និងការដាក់ពង្រាយ យុទ្ធសាស្ត្រផ្ទាល់ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រជាជនចិនទាំងអស់ បានរួមគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជម្ងឺកូវិដ១៩ ហើយបានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៦០ ថ្ងៃកន្លងមក។ ក្នុងគ្រាដ៏លំបាកបំផុតនៅដំណាក់កាលដំបូង នៃការតស៊ូប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជម្ងឺនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ ទីក្រុងប៉េកាំងដោយផ្ទាល់ ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួន និងបានជួយគាំទ្រដល់ការតស៊ូ របស់ប្រទេសចិន ចំពោះការរីករាលដាលនៃជម្ងឺនេះ ដែលនេះបានឆ្លុះបញ្ចាំង ពីភាតរភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជានិងចិននៅពេលមានវិបត្តិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
បច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវិដ១៩របស់ប្រទេសកម្ពុជា បានឈានដល់ ដំណាក់កាលដ៏សំខាន់មួយ ក្នុងនាម ជាសហគ្រាស ដែលមានដើមកំណើត នៅប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព និងបន្តផ្តល់ជំនួយ តាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីគាំទ្រ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជម្ងឺកូវិដ១៩នេះ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប គ្រោងនឹងបន្តទិញសម្ភារផ្នែកវេជ្ជសាស្ត្រ ពីប្រទេសចិនបន្ថែមទៀត ដើម្បីបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវិដ១៩នេះ៕