ភ្នំពេញ៖ ក្នុងរយៈពេល៣ខែឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យ ភ្ញៀវបរទេសចូលទស្សនា រមណីយដ្ឋានអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះបានឲ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។
សម្រាប់ប្រាក់ចំណូលជិត១៨លានដុល្លារនេះ ត្រូវដកជាង៧៦ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួល ដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕