ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា សំណូមពរឲ្យអភិបាលខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍ដោះលែង អ្នកស្រី សយ ស្រស់ តំណាងសហជីពចលនាកម្មករ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា សំណូមពរដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយអន្តរាគមន៍ អោយសមត្ថកិច្ចដោះលែង អ្នកស្រី សយ ស្រស់ ដែលជាតំណាងសហជីពចលនាកម្មករ និងតំណាងកម្មករ ប្រចាំរោងចក្រផលិតកាបូប ស៊ូភៀល អោយមានសេរីភាពឡើងវិញ។

លោក ប៉ាវ ស៊ីណា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២មេសានេះថា”ខ្ញុំ សូមសំណូមពរ ឯកឧត្តម អភិបាលខេត្ត កំពង់ស្ពឺ មេត្តាជួយអន្តរាគមន៍ អោយសមត្ថកិច្ចដោះលែង អ្នកស្រី សយ ស្រស់ ដែលជាតំណាងសហជីពចលនាកម្មករ និងតំណាងកម្មករ ប្រចាំរោងចក្រផលិតកាបូប ស៊ូភៀល អោយមានសេរីភាពឡើងវិញ” ។

អ្នកស្រី សយ ស្រស់ តំណាងសហជីពចលនាកម្មករ និងជាតំណាងកម្មករ ប្រចាំរោងចក្រផលិតកាបូប ស៊ូភៀល ស្ថិតក្នុងភូមិ ត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ត្រូវបានសមត្ថកិច្ច ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការខេត្តកំពង់ស្ពឺ មកនាំខ្លួនពីក្នុងរោងចក្រ ទៅកាន់ស្នងការនគរបាលខេត្ត អោយបំភ្លឺ ករណីបង្ហោះហ្វេសប៊ុក ដោយបានសរសេរថា ” ថៅកែរោងចក្រ ស៊ូភៀល ផ្គើននិងអនុសាសន៍របស់ រាជរដ្ឋាភិបាល និងសេចក្តីអំពាវនាវរបស់ក្រសួងការងារ ព្រោះកុំថាឡើយកម្មករធម្មតា សូម្បីតែកម្មការិនីមានផ្ទៃពោះ ៦ខែ ក៏ត្រូវបានក្រុមហ៊ុន បញ្ចប់កិច្ចសន្យាការងារដែរ ” អ្នកស្រី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅ ចាប់តាំងពីម៉ោង ៧.៣០នាទីព្រឹក រហូតមកដល់ម៉ោងនេះ នៅមិនទាន់បានអនុញ្ញាត អោយចេញមកវិញនៅឡើយទេ ។ ចំពោះការនាំខ្លួន ពីសំណាក់សមត្ថកិច្ច អោយអ្នកស្រី ទៅបំភ្លឺនេះ ត្រូវបានប្តឹងដោយភាគី ក្រុមហ៊ុន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ មីនា ២០២០ ក្រុមហ៊ុនបាន ជូនដំណឹងដល់កម្មករមួយចំនួន អំពីការបញ្ចប់កិច្ចសន្យាការងារ ក្នុងនោះក៏មានស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ៕

To Top