Covid-19

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ឲ្យកងទ័ពក្នុងកងពលតូច ដឹកជញ្ជូនលេខ៩៩ ត្រៀមចេញ​អន្តរាគមន៍​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ភ្នំពេញ៖ ដោយផ្សព្វផ្សាយតាមបទបញ្ជា របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជាឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ​ត្រៀម​ខ្លួន​ចេញ​អន្តរាគមន៍ ​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣ មេសានេះ បានសរសេរថា ក្នុង​បទ​បញ្ជា​ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​បញ្ជា​ឱ្យ​ទ័ព​ទាំង​អស់​រក្សា​កម្លាំង​ខ្លួន​ក្នុង​បន្ទាយ មិនអនុញ្ញាតឲ្យយោធិនចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត, មិន​ត្រូវ​ប្រមូល​ផ្ដុំ​ជប់​លៀង ឬពិធីផ្សេងៗនាំឲ្យប៉ះពាល់ ដល់វិធានការការពារមេរោគខូវីដ-១៩ (Covid-19) និង​ត្រូវ​ត្រៀម​កម្លាំង​ជាស្រេចដើម្បី​អន្តរាគមន៍ ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺកូវីដ១៩។

ក្នុង​បទ​បញ្ជា​​នោះ​បាន​លើក​ឡើង “នាយក​ខុទ្ទកាល័យ​អគ្គ​បញ្ជាការ​ដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ពនិង​ទ័ព​ជំនាញ នាយក​ស្ថាប័ន​ និង​សាលា​ចំណុះ​អគ្គ​បញ្ជាការ​ដ្ឋាន ​ត្រូវ​ចាត់​តាំង​អនុវត្តបទ​បញ្ជានេះ ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ពេល ​ចុះ​ហត្ថលេខានេះ​តទៅ រហូត​ដល់​មាន​បទបញ្ជា​ថ្មី និង​រាយការណ៍​ជា​ប្រចាំ​មក​ទី​ចាត់​ការ ​កល​យុទ្ធ​អគ្គ​បញ្ជាការ​ដ្ឋាន”​ ៕

To Top