Covid-19

ធនាគារពិភពលោក អនុម័តឥណទាន ២០លានដុល្លារ សម្រាប់ជួយកម្ពុជាឆ្លើយតប ទៅនឹងការរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០​នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹក ប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតប​ ជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនគារពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន ដេីមអម្ពិល ទទួលបាន នៅព្រឹក ថ្ងៃ ទី ៣ មេសា នេះថា ឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាម រយៈយន្តការសេវា រហ័ស ក្នុងពេលមានការរាលដាលកូវីដ-១៩។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារ ពិភពលោកប្រចាំកម្ពុជា មាន ប្រសាសន៍ថា «ហិរញ្ញប្បទានតាមរយៈ យន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការ ឆ្លើយតបទៅនឹង ស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាល ទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជាយកទៅប្រើ ដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និង ឧបករណ៍ សម្ភារៈពេទ្យ ចាំបាច់ នានា ដើម្បីយកមក ធ្វើតេស្តរករោគសញ្ញា និង ព្យាបាល ជំងឺកូវីដ-១៩, កាត់បន្ថយការ រាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និង សេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។

លោកស្រីបន្ដថា គម្រោងនេះនឹងជួយកម្ពុជា ឱ្យសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញនៅក្នុង ផែនការមេកូវីដ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការ ពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឱ្យបានរហ័ស, ការ ត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់ មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និង ព្យាបាលអ្នកជំងឺ ហើយ វា នឹង ជួយ បង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យ បង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។

លើសពីនេះ គម្រោងក៏នឹង ជួយទៅលើការចំណាយ ក្នុងការជាវការផ្គត់ផ្គង់ សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាល នៃការឆ្លងមេរោគ។ ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់ វិធានការដាក់ពង្រាយ ឱ្យ បាន រហ័សនូវក្រុមការងារឆ្លើយ តបបន្ទាន់របស់ ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិង ការហ្វឹកហ្វឺនបណ្តុះបណ្តាល បុគ្គលិក បន្ថែម, ពង្រឹង សមត្ថភាពរបស់ មណ្ឌលប្រតិបត្តិការបន្ទាន់ នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយ កិច្ចខិតខំត្រៀមលក្ខណៈ និង ឆ្លើយតប ជំងឺកូវីដ-១៩ទូទាំងប្រទេស និងបង្កើត មណ្ឌលប្រតិបត្តិការបន្ទាន់ នៅកម្រិតខេត្ត ទៀត។

គម្រោងឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នេះ បំពេញបន្ថែមដល់ ការងារ អភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោក កំពុងជួយជ្រោមជ្រែង នៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោង លើកកម្ពស់សមធម៌ និងគុណភាព សុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាព របស់ ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួល បានសេវាសុខាភិបាល មានគុណភាព។

បន្ថែមពីនេះទៀត ធនាគារពិភពលោករំលឹកថា កាលពីសប្តាហ៍កន្លងទៅថវិកា ១៤លានដុល្លារអាមេរិក របស់គម្រោង H-EQIP នេះត្រូវ បានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញ រថយន្តសង្គ្រោះ និង គ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិ ឱ្យមាន សមត្ថភាពឆ្លើយតប បានរហ័សទៅនឹង ការរាលដាលនៃជំងឺកូវីដ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិ ពីផ្នែកនានា នៃគម្រោង H-EQIP នេះ ដើម្បីយកទៅ បំពេញភាពចាំបាច់ សម្រាប់ធ្វើការ ឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង ៕

ដោយ អេង ប៊ូឆេង

To Top