ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀង ៖ដើម្បីទប់ស្កាត់ និងបង្កាជំងឺ covid-19 ឲ្យបានជោគជ័យ គឺផ្តើមចេញពី យើង ទាំងអស់គ្នា

ស្វាយរៀង ៖លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍បានថ្លែងប្រាប់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនិងយុវជននៅស្រុកកំពង់រោទិ៍ដោយបានបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្ការជំcovid-19ឲ្យបានជោគជ័យគឺផ្តើមចេញពីយើងទាំងអស់គ្នាចូលរួម ធ្វើអនាម័យជាប្រចាំនិងស្តាប់ តាមការណែនាំរបស់រដ្ឋបាលខេត្តនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ការថ្លែងរបស់លោកតូច ប៉ូលីវ៉ាបែបនេះនៅគ្រាដែលលោក តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង បាននាំយកសម្ភារៈគាំទ្រ ក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងមេរោគcovid-19ផ្ដល់ជូនដល់គណៈកម្មាធិការ សសយក ស្រុកកំពង់រោទិ៍ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នារសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២០។

លោកបានបន្តថាអាជ្ញាធរត្រូវចូលរួមការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័កដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្តងដែរ។

លោកបានបន្ថែមថាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

សម្ភារៈយកទៅចែកជូនរួមមាន ជែលលាងដៃ ម៉ាស់ ខិតប័ណ្ណផ្សព្វផ្សាយ សាប៊ូលាងដៃ របាំងការពារផ្ទៃមុខ និងសៀវភៅណែនាំអំពីការទប់ស្កាត់ និងការពារជំងឺកូវូដ១៩៕

To Top