Covid-19

អង្គការសង្គ្រោះ មេឃពណ៌ខៀវ នឹងបញ្ជូនពេទ្យជំនាញ ១៣រូប និងសម្ភារៈបរិក្ខារពេទ្យតម្លៃជាង ១៤ម៉ឺនដុល្លារ មកជួយកម្ពុជា កំចាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងបញ្ជាក់ថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានពិសោធន៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅចិន រួមជាមួយបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃជាង ១៤ម៉ឺនដុល្លារ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ១៩ រយៈពេល ១៥ថ្ងៃ ។

ក្នុងពិធីប្រគល់ជំនួយ ឧបត្ថម្ភក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ ផ្ដល់ដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣ មេសានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលបានចូលរួម ជាអធិបតីជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់ជំនួយឧបត្ថម្ភ ក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារប្រឆាំង នឹងជំងឺកូវីដ១៩ ដែលផ្តល់ដោយមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់កម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុនិស្តចិន ដែលបានធ្វើការសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ បរិក្ខាពេទ្យដែលជាអំណោយពីមូលនិធិ សម្រាប់សន្តិភាព និងការអភិវឌ្ឍ និងអង្គការសង្គមចិនផ្សេងៗទៀត ដែលរួម ម៉ាស អាវការពារខ្លួន និងថ្នាំបុរាណចិនតម្លៃសរុប ១,១៣លានយ័ន មានសារសំខាន់យ៉ាងខ្លាំងចំពោះកម្ពុជា ខណៈពេលដែលយើង កំពុងត្រូវការសម្ភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាយវិការសប្បុរសនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាប់ពី ចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវ ដ៏សាហាវនេះ នៅប្រទេសកម្ពុជា យើងក៏បានទទួលជំនួយជាច្រើនផងដែរ ពីរដ្ឋាភិបាលចិន ។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ រួមជាមួយសម្ភារៈបរិក្ខាសម្រាប់ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ដែលមានតម្លៃជាង ៣លានយ័ន ។ កាលពីថ្ងៃទី១ ខែមេសា កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនបរិក្ខាពេទ្យទម្ងន់ជាង ២ តោនមកជូនកម្ពុជា សម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្រុមហ៊ុនចិនមួយចំនួន ក៏បានចូលរួមជួយផ្ដល់បរិក្ខារការពារ ដល់ប្រជាជនកម្ពុជាផងដែរ ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា «ខ្ញុំក៏បានទទួលពត៌មានដែរថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀមបញ្ជូនក្រុមគ្រូស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានពិសោធន៍ប្រយុទ្ធនឹង នៅចិន រួមជាមួយនិងបរិក្ខារពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ ១លានយ័ន (ជាង ១៤ម៉ឺនដុល្លារ) ដោយគ្រោងធ្វើដំណើរមកតាមរថយន្តពីខេត្តយូណាន ចូលមកកម្ពុជា តាមខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ១៩ រយៈពេល ១៥ថ្ងៃ» ។

ឆ្លៀតឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងអបអរសាទរ យ៉ាងកក់ក្តៅចំពោះប្រទេសចិន ដែលក្រោមការដឹកនាំដ៏រឹងមាំ របស់លោកប្រធានាធិបតី ស៊ី ជិនពីង និងមាគ៌ាដ៏ភ្លឺស្វាងរបស់បក្សកុម្មុនិស្តចិន បានទទួលជោគជ័យដ៏ធំធេង ក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសចិន ។ ទូទាំងប្រជាជាតិចិន ដែលរួមមានគ្រប់ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតាមខេត្ត អ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ បានរួមសាមគ្គីគ្នាធ្វើពលីកម្ម អនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវរាល់វិធានការ ដើម្បីយកជ័យជំនះ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ ។ ពេលនេះ ចិនបានក្លាយជាប្រទេសឈានមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ដោយបានផ្តល់ជំនួយដល់ប្រទេសចំនួនជាង ៨០។ ប្រទេសចិនច្បាស់ជានឹង ងើបឡើងវិញយ៉ាងរឹងមាំខ្លាំងក្លា ចេញពីវិបត្តិនៃជំងឺរាតត្បាតនេះ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ច នៅជុំវិញពិភពលោក ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន ដែលតេងតែឈរជាមួយកម្ពុជា ក្នុងគ្រាទុក្ខលំបាក និងបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម របស់ប្រទេសកម្ពុជា ។ ជាពិសេសថ្លែងគុណចំពោះលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទុតចិន និងមន្រ្តីស្ថានទូត ដែលបានប្រឹងប្រែង ដើម្បីលើកកម្ពស់មិត្តភាពជិតស្និទ និង កិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងប្រជាជាតិយើងទាំងពីរ ហើយព្រមទាំងបានសស្រាក់សស្រាំ ជួយសម្របសម្រួល ការនាំមកនូវជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជា ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់មូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាអង្គការសង្គម ស៊ីវិលចិននានា ដែលបានផ្តល់ការឧបត្ថម្ភ ជាសម្ភារៈបរិក្ខាដ៏មានតម្លៃ ដើម្បីជួយដល់ ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

To Top