ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះឧបត្ថម្ភស្បៀង អាហារនិង សម្ភារៈរក្សា អនាម័យ ដល់ក្រុមការងារ មូលដ្ឋាន សង្កាត់ទាំង១២ ក្នុង ខណ្ឌដង្កោ!

ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សេចក្តីណែនាំរបស់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បាននាំយកនូវស្បៀងអាហារ និងសម្ភារៈរក្សាអនាម័យ ជាច្រើនមុខ រួមមាន៖ អង្ករ១២តោន, ទឹកត្រីទឹកស៊ីអ៊ីវ ១២០យួរ, ម៉ាស់វេជ្ជសាស្ត្រ៤ស្រទាប់ ការពារបាក់តេរី ៤៨ប្រអប់ស្មើនឹង២៤០០ម៉ាស, ស្រោមដៃ ១២០០គូ, ក្រដាស់អនាម័យ ១២០ដុំ និងសាប៊ូលៀងដៃ ២៤កាដុងធំ ស្មើនឹង៤៨០លីត្រ ប្រគល់ជូនដល់ចៅសង្កាត់ទាំង១២ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងចំណែកស្មើៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងសង្កាត់និងទុកបម្រុង ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ នៅក្នុងមូលដ្ឋាន សង្កាត់នីមួយៗ ក្នុងអំឡុងពេលដែល ប្រទេសកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលជំងឺឆ្លង កូវីដ១៩។

ក្នុងពិធីនេះក៏មានការចូលរួម ពី លោកប្រធានក្រុមប្រឹក្សា លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាល មន្ត្រីរាជការ សាលាខណ្ឌ ចៅសង្កាត់ទាំង១២ និងក្រុមការងារ ចុះជួយខណ្ឌសង្កាត់ជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ សូមយកចិត្តដាក់ឲ្យបានខ្ពស់ ក្នុងការអនុវត្តនិងផ្សព្វផ្សាយនូវគោលការណ៍អនាម័យ និងសុវត្ថិភាព របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចុះទៅពន្យល់ ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ ឲ្យដល់ខ្នងផ្ទះផ្ទាល់តែម្តង ដោយជៀសវាងការប្រមូលផ្តុំមនុស្សជួបជុំក្នុងចំនួនច្រើន៕

To Top