Covid-19

អត្រាអ្នកឆ្លង ជំងឺកូវីដ១៩ថយចុះ គួរឲ្យកត់សម្គាល់ ខណៈអ្នកជា សះស្បើយ កាន់តែច្រើនឡើង

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ បានថយចុះគួរឲ្យកត់សម្គាល់ ពោលគឺថ្ងៃខ្លះ គ្មានអ្នកឆ្លងសូម្បីម្នាក់ ចំណែកអ្នក ជាសះស្បើយ ពីជំងឺនេះកាន់តែច្រើនឡើងៗ និងបានចាកចេញ ពីមន្ទីរពេទ្យ ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល មិនបានឃើញអ្នកផ្ទុក កូវីដ១៩ឡើយ ខណៈអ្នកដែលព្យាបាល ជាសះស្បើយមាន ១នាក់បន្ថែមទៀត លើបុរសជនជាតិ ម៉ាឡេស៊ី អាយុ៦២ឆ្នាំ ជាក្រុមមកធ្វើ ការងារសាសនា ស្នាក់នៅស្រុកកងមាស ស្ថិតក្នុងខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ចំនួន២លើក ហើយត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ ខេត្តកំពង់ចាមហើយ។

តាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មាន៖អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើន ដល់៥០នាក់ (ស្មើនឹង៤៣,៨៥% ធៀបនឹងចំនួន អ្នកមានផ្ទុកកូវីដ១៩ទាំងអស់) ដែលមានបុរស ជនជាតិ១នាក់ ស្រ្តីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិ អង់គ្លេស១នាក់ បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិ បារាំង៤នាក់ (ក្នុងនេះមានទារក អាយុ៤ខែ) ស្រ្តីជនជាតិបារាំង៩នាក់ បុរសជនជាតិម៉ាឡេស៊ី៤នាក់ បុរសជនជាតិខ្មែរ២៣នាក់ និងស្រ្តីជនជាតិខ្មែរ១នាក់ (គិតចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)។

សេចក្ដីជូនព័ត៌មានបញ្ជាក់ថា អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះ មកនៅសរុបចំនួន ៦៤នាក់ (ស្រ្តី២០នាក់ និងបុរស៤៤នាក់ )នៅតាមមន្ទីរពេទ្យរដ្ឋ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។

តាមសេចក្ដីជូនព័ត៌មានបន្ថែមថា អ្នកដែលមានផ្ទុកកូវីដ១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងទាំងអ្នកបានព្យាបាល ជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេស សរុបទាំងអស់ មានចំនួន ១១៤ (ស្រ្តី៣២នាក់ និងបុរស៨២នាក់ ដែលចំនួននេះ មិនមានកើនឡើងឡើយ៕

To Top