Covid-19

ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញ វិធានការថ្មីៗបន្ថែម ដើម្បីទប់ទល់ ឥទ្ធិពល នៃការរីករាលដាល ជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ បានដាក់ចេញវិធានការថ្មីៗ បន្ថែមទៀត ដល់គណៈកម្មាធិការជាតិ ប្រឆាំងជំងឺឆ្លងកូវីដ១៩ រួមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលគ្រប់ផ្នែក ពាក់ព័ន្ធឲ្យចូលរួម ធ្វើកិច្ចការងារសំខាន់ៗ បន្ថែមទៀត ពាក់ព័ន្ធការត្រៀមបម្រុង ខាងសម្ភារៈបរិក្ខាពេទ្យ ក៏ដូចជាស្បៀងអាហារ ដើម្បីធានាវិធានការ ត្រៀមប្រុង គឺមានលក្ខណៈគ្រប់ជ្រុង ជ្រោយ និងមិនខ្វះខាត ដោយបង្កើតឡើងនូវ ឃ្លាំងស្តុកបម្រុង របស់រាជរដ្ឋាភិបាលកម្ពុជា។

នេះបើតាមរយៈសារសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ គណៈកម្មាធិការជាតិ ប្រឆាំងជំងឺឆ្លងកូវីដ១៩។ ចំពោះផ្នែកសម្ភារៈពេទ្យ ដែលបម្រើដល់ការងារគ្រូពេទ្យ និងដល់សុវត្ថិភាព សុខមាលភាព ប្រជាជនផងដែរគឺ សម្តេចតេជោ ហ៊ុន សែន បានចេញវិធានការដូចតទៅ៖

-ម៉ាស់ចំនួន១០លាន ត្រូវរៀប ចំបម្រុងបន្ថែមទៀត ដោយការផលិត នៅខាងក្នុងប្រទេសផង និងបញ្ជាទិញពីក្រៅប្រទេសផង ឲ្យបានគ្រប់តាមវិធានការ បម្រុងខាងលើ។ ចំនួនស្តុកម៉ាស់ គឺត្រូវតែរក្សាកម្រិត ១០លានម៉ាស់ជាប្រចាំ ។ ករណីប្រើប្រាស់ អស់កម្រិតណាមួយ គឺត្រូវនាំចូលឃ្លាំងស្តុក បំពេញបន្ថែម ដើម្បីបម្រុងឲ្យមាន គ្រប់គ្រាន់ជាប់ជានិច្ច។

-សម្លៀកបំពាក់គ្រូពេទ្យ ត្រូវមានបន្ថែមចំនួន ៥ពាន់កំប្លេ និងម៉ាស់ប្រភេទ M94 របស់គ្រូពេទ្យ ចំនួន៥០ម៉ឺនម៉ាស់ ដើម្បីធានាការពារសុវត្ថិភាព ដល់ក្រុមគ្រូពេទ្យជួរមុខ។

-ត្រៀមបម្រុងអាល់កុលចំនួន ១លានលីត្រជាប្រចាំ ដើម្បីធានាការប្រើប្រាស់ គ្រប់គ្រាន់។

ចំពោះការបម្រុងស្បៀងអាហារ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ឲ្យស្តុកស្រូវអង្ករ និងបង្កើនការផលិតមី ដើម្បីបញ្ចូលទៅក្នុងទីផ្សារ ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ និងកុំឲ្យមាន ការឡើងថ្លៃលើចំណីអាហារ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ឲ្យពិនិត្យលទ្ធភាពហាមឃាត់ ការនាំត្រីចេញក្រៅប្រទេស ដើម្បីទុកត្រៀមការផ្គត់ផ្គង់ នៅខាងក្នុងប្រទេស។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពី ប្រទេសជិតខាង ប្រមាណ៥ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានណែនាំដលក្រសួងសុខាភិ បាលបន្តសហការជាមួយក្រុម ការងារនៅតាមព្រំដែន ហើយទិញ មុង ភួយ កន្ទេល ក្រម៉ា ចែកជូនដល់ប្រជាជន ដែលបានវិលត្រឡប់ វិញហើយ ដែលកំពុងត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពនោះ។ ក្នុងករណី បង ប្អូនប្រជាពលរដ្ឋ ត្រូវការវិលត្រឡប់ ទៅលំនៅដ្ឋាន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឲ្យប្រើប្រាស់រថយន្តកងទ័ព កងពល៩០ និងកងពល៩៩ ជួយដឹកជញ្ជូនបងប្អូន ទៅតាមផ្ទះនីមួយៗ។

វិធានការផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យពិនិត្យលើការ រក្សាប្រេងឥន្ធនៈ និងទឹកស្អាតសម្រាប់ការប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់។

នៅក្នុងការណែនាំថ្មី បន្ថែមទៀតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំ យកអស់កម្លាំង កាយចិត្ត និងវិជ្ជាជីវៈ ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ ដែលរហូតមក ដល់ពេលនេះ នៅកម្ពុជា គ្មានពលដ្ឋណាម្នាក់ ប៉ះពាល់ដល់ អាយុជីវិតដោយសារជំងឺ កូវីដ១៩ឡើយ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឲ្យក្រសួង ពាក់ព័ន្ធ គឺក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ត្រូវបង្កើនប្រាក់ឧបត្ថម្ភ ដល់គ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង យ៉ាងសកម្មជាមួយជំងឺនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងអស់ អត់បាននៅជិត ប្រពន្ធកូនទេ គឺជាការលះបង់មួយខ្ពស់ណាស់។ ដូច្នេះដើម្បីកុំឲ្យក្រុមគ្រូពេទ្យ មានការពិបាក ក្នុងការគិតគូរ ទៅដល់ក្រុមគ្រួសារ ខ្ញុំសូមស្នើឲ្យពិនិត្យ បង្កើននូវប្រាក់ឧបត្ថម្ភ សម្រាប់គ្រូពេទ្យនេះ ថែមទៀតដើម្បីឲ្យគ្រូពេទ្យទាំងនេះ ហ្នឹងនចិត្ដ កុំខ្វល់ទៅ ដល់បញ្ហាទាក់ទិន ទៅនឹងគ្រួសារ ដែលនៅផ្ទះ ហើយគ្នាអត់ ដែលបានទៅជួបសោះ»។

វិធានការថ្មីបន្ថែមរបស់ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីភាពម្ចាស់ការ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាពចាំបាច់ ទាំងចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីធានាសង្គ្រោះការពារ សុខមាលភាពប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ទឹកចិត្តប្រជាជនកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ ព្រមទាំងអជ្ញាធរខេត្ត ស្រុក ឃុំ ភូមិដែលស្រុះគ្នា ចូលរួមយ៉ាងសកម្ម ទាំងជាថវិកា និងស្មារតី ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង ការឆ្លងមេរោគកូវីដ១៩ ហើយជាវិធានការ ដែលបង្កើននូវការត្រៀមបម្រុង បង្កើនជំនឿទុក ចិត្តនិងភាពកក់ក្តៅ ដើម្បីឆ្លង ផុតគ្រាលំបាកនេះ៕

To Top