Covid-19

លោក ផៃ ស៊ីផាន ប្រតិកម្មទៅនឹងការលើកឡើង របស់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន

ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមុខប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានលើកឡើងថា “គោលនយោបាយទប់ទល់ អាសន្នសេដ្ឋកិច្ចសំខាន់ជាងច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ន។ ច្បាប់នេះមិនអាចដោះស្រាយ អាសន្នសេដ្ឋកិច្ចបានទេ”។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងវប្បធម៌ នងវិចិត្រសិល្បៈ» នៅថ្ងៃទី៦ មេសា ឆ្នាំ២០២០នេះលោក ផៃ ស៊ីផាន បានលើកឡើងថា “ការលើកឡើងរបស់លោក យ៉ង សាំងកុមារ គ្រាន់តែជាភាសាវោហាស័ព្ទរបស់អ្នកនយោបាយ ដើម្បីអោយគេចាប់អារម្មណ៍ខ្លួនតែប៉ុណ្ណោះ”។

សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភ ចំពោះច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពមានអាសន្ន ព្រោះច្បាប់នេះមិនមែនបង្កើតឡើង ដើម្បីរឹតដ្បិតសេរីភាពពលរដ្ឋ ក្នុងបញ្ចេញមតិនោះឡើយ។

សូមជម្រាបថាសេចក្តីព្រាងច្បាប់នេះ មាន៥ជំពូក និង១១មាត្រា ដែលត្រូវបានរៀបចំឡើង ដើម្បីដឹកនាំជាតិ នៅពេលដែលប្រទេសត្រូវបានប្រកាសឱ្យដាក់ក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្នត្រូវបានរៀបចំឡើង ដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាស ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេល ប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាល នៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើរសារជូនជនរួមជាតិ អំពីការពិចារណា ទូលថ្វាយព្រះមហាក្សត្រ សុំរាជានុញ្ញាតដើម្បីដាក់ប្រទេសកម្ពុជា «ឲ្យស្ថិតនៅក្នុងភាពអាសន្ន» ខណៈស្ថានភាពរីករាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដោយមានអ្នកឆ្លងប្រមាណជាង ១០០នាក់ ៕

ដោយ៖ បាន ធារ៉ូ

To Top