ព័ត៌មានជាតិ

អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ កាន់តែច្រើនឡើង ខណៈអ្នកឆ្លងថ្មី មិនទាន់មាននោះទេ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ មិនមានករណីឆ្លងកូវីដ១៩នោះទេ ខណៈព្យាបាលជាសះស្បើយ បានចំនួន៣នាក់ បន្ថែមទៀត លើបុរសជនជាតិម៉ាឡេស៊ី ដែលមានអាយុ ៣៩ឆ្នាំ ២៦ឆ្នាំនិងអាយុ៤០ឆ្នាំ មកធ្វើការសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ចំនួន២ដង ហើយពួកគេត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យផងដែរ ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នៅទួទាំងប្រទេស គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានអ្នកព្យាបាលជាសះស្បើយសរុបចំនួនកើនដល់៥៣នាក់ (ស្មើនឹង៤៦,៤៩% ធៀបនឹងចំនួនអ្នកមានផ្ទុកវីរុសកូវីដ១៩ទាំងអស់) ក្នុងនោះមានបុរស ជនជាតិចិន ចំនួន១នាក់ ស្រ្តីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិ ប៊ែលហ្សិក១នាក់ បុរសជនជាតិបារាំង៨នាក់ (ក្នុងនេះមានទារកអាយុ៤ខែផងដែរ) ស្រ្តីជនជាតិបារាំង៩នាក់ បុរសជនជាតិម៉ាឡេស៊ី៧នាក់ បុរសជនជាតិខ្មែរ២៣នាក់ និងស្រ្តីជនជាតិខ្មែរចំនួន១នាក់ (គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ) ។

សេចក្ដីជូនព័ត៌មានបន្ថែមថា ចំពោះអ្នកដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីពេទ្យរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តវិញ បានថយចុះ មកនៅសរុបចំនួន ៦១នាក់ (ស្រ្តី២០នាក់ និងបុរស៤១នាក់) ។

សេចក្ដីជូនព័ត៌មានបន្ថែមទៀតថា ដោយឡែក អ្នកដែលមានផ្ទុកកូវីដ១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាល ជាសះស្បើយ និងអ្នកដែលកំពុងព្យាលបាល) នៅទូទាំងប្រទេស សរុបមានចំនួន ១១៤នាក់ (ស្រ្តី២៣នាក់ និងបុរស៨២នាក់ ដែលចំនួននេះគឺនៅថេរដដែល មិនមានកើននោះទេ ៕ ដោយ៖ធី លីថូ

To Top