ព័ត៌មានជាតិ

មេសហជីព ស្នើក្រសួងការងារ លើកពេលឈប់ សម្រាករបស់កម្មករ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រោយសង្កេតឃើញថា ស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា គិតមកដល់ថ្ងៃនេះ គឺមានលក្ខណ:ល្អប្រសើរ មិនមានតួលេខអ្នកឆ្លងបន្ថែម និងមានអ្នកជំងឺជាសះស្បាយ រហូតដល់៥៣នាក់ ម្យ៉ាងវិញទៀត គឺគ្មានករណីណាមួយឆ្លង ដល់កម្មកររោងចក្រ សហគ្រាស ទូទាំងប្រទេសឡើយ ដូច្នេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: មេត្តាពិនិត្យនិងស្នើផ្អាកការ ឈប់សម្រាក ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយបន្តការងារជាធម្មតា និងស្នើសុំលើកថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ទៅខែណាមួយ ដែលចំនឹងថ្ងៃបុណ្យ ឲ្យកម្មករនិយោជិត ឈប់ស្ទួនគ្នាតែម្តង បន្ទាប់ពីជំងឺនេះគ្មាន វត្តមាននៅក្នុងប្រទេសកម្ពុជា ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធ សហជីពជាតិ បានបញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែមេសានេះថា “មានតែវិធានការបែបនេះទេ ដែលអាចទប់ស្កាត់ការ រីករាលដាល នៃការឆ្លង កូវីដ១៩ ដល់កម្មករនិយោជិត បន្ទាប់ពីការវិលត្រឡប់មកពីស្រុកកំណើត វិញ ប្រសិនបើក្រសួងការងារ មិនអនុញ្ញាត ឲ្យពួកគាត់ឈប់សម្រាកចូលឆ្នាំខ្មែរ នាថ្ងៃខាងមុខ ។ យើងខ្ញុំក៏សុំការអភ័យទោស ចំពោះបងប្អូនកម្មករ និយោជិតយើងផងដែរ ដែលបានលើកយកជម្រើសនេះ មកស្នើដល់ក្រសួងការងារ ដោយសារតែយើង ខ្ញុំមានការព្រួយបារម្ភ ចំពោះបងប្អូន ប៉ុន្តែបើក្រសួងការងារ អនុវត្តការឈប់ សម្រាកនេះដដែល ខ្ញុំក៏សូមអំពាវនាវដល់បងប្អូន ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ និងសង្ឃឹមថា មិនមានការជួបជុំ ដើរលេងសប្បាយនោះឡើយ ” ៕

To Top