ព័ត៌មានជាតិ

សង្ស័យភ្លើងប្រច័ណ្ឌ ធ្វើឲ្យអតីតប្តី តាមបាញ់សម្លាប់ប្រពន្ធ ពេលកំពុងជិះរថយន្ត ,ប្រពន្ធស្លាប់ និងកូនរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនរងរបួសធ្ងន់ បន្ទាប់ពីមន្ត្រីនគរបាល (អតីតប្តី) បានបាញ់សំដៅរថយន្តលុច្សស៊ីស កំពុងជិះ ដឹកគ្នា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ តាមបណ្តាយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលអះអាងថា បានបើករថយន្ត ដឹកស្ត្រីរងគ្រោះ ជាមួយកូនៗរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនកើតហេតុនៅ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗ របស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមី ជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្ត ចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពីដឹកជនរងគ្រោះ ទៅសង្រ្គោះរួចមក ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

យ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះ នៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថា ជាករណីភ្លើងប្រច័ណ្ឌ ៕

To Top