ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកការរៀបចំបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ហើយតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ធ្វើការជាធម្មតាវិញ ដោយរដ្ឋនឹងសងថ្ងៃឈប់ សម្រាកវិញរយៈពេល៥ថ្ងៃ ក្នុងពេលវេលាសមស្រប ណាមួយ ។
ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា” តាមរយៈវិធានការទាំងអស់នេះ រាជរដ្ឋាភិបាលក៏គ្មានផែនការបិទរោងចក្រ គ្មានគម្រោងបិទផ្សារលក់ដូរ ហាងបាយ ហាងលក់ទំនិញ ហាងគុយទាវ ហាងកាហ្វេនោះទេ។ប៉ុន្តែរាជរដ្ឋាភិបាល សម្រេចប្រកាសថ្ងៃនេះ គឺផ្អាកចូលឆ្នាំខ្មែរ ហើយតម្រូវឲ្យស្ថាប័នរដ្ឋនិងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញ នៅពេលសមស្របចំនួន៥ថ្ងៃនៃថ្ងៃធ្វើការ”។
សម្ដេចសង្កត់ធ្ងន់ថា កន្លែងដែលមាន សុវត្ថិភាពបំផុត នៅពេលនេះ គឺនៅតាមរោងចក្រ ក្រុមហ៊ុន និងនៅតាមស្ថាប័ននានា ដែលកំពុងធ្វើការតែ បើទុកបណ្ដោយឲ្យមានការឈប់ សម្រាកដើរលេងនោះ សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែរ អាចនឹងមានហានិភ័យខ្ពស់បំផុត ។
ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាឲ្យរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំជាបន្ទាន់ដើម្បី ចាត់វិធានការឲ្យបណ្តារោងចក្រ ក្រុមហ៊ុននានា បន្តធ្វើការ ហើយទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវប្រកាសឲ្យស្ថាប័នរដ្ឋ ធ្វើការជាធម្មតា ។ ហើយក្រសួងការងារ ត្រូវចេញបញ្ជាទៅវិស័យ ឯកជនធ្វើការជាធម្មតាផងដែរ។
ទាក់ទងជាមួយបញ្ហានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់មន្រ្តីរាជការ ក៏ដូចជា កម្មករ-កម្មការិនីទាំងអស់ សូមមេត្តាយោគយល់ ចំពោះការលំបាក របស់ប្រទេសជាតិ ក្នុងកាលៈទេសៈ នៃការរីករាលដាលពីកូវីដ១៩ នេះផងដែរ ។
លើសពីនេះទៀតសម្ដេច ក៏បានអំពាវនាវ ឲ្យកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត ឬកន្លែងកម្សាន្តនានា ដើម្បីចៀងវាងការនាំជំងឺ ឬមេរោគទៅ ទីក្រុងទៅជនបទ ឬជនបទទៅទីក្រុង។
សម្ដេចបន្ថែមថា ចំពោះថវិកាដែលរដ្ឋ ឧបត្ថម្ភដល់មន្រ្តីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះគឺឲ្យជាធម្មតាដដែល ហើយអ្នកទទួលទេវត្តាតាម ផ្ទះគឺ ទទួលរៀងខ្លួនៗជាធម្មតា ។ តែហាមឃាត់នៃការប្រារព្ធពិធីចូលឆ្នាំដូចជាការជួបជុំលេងល្បែង តាមសាធារណៈនានា ។
សម្តេចបន្ថែមទៀតថា ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ ចំពោះអ្នកឆ្លងទៅអ្នកដែលមិនឆ្លង ដែលជាវិធានមួយ នៃវិធានការផ្សេងទៀត ។
ទាក់ទងជាមួយការលើកឡើងថា រាជរដ្ឋាភិបាលមានគម្រោងបិទវត្ត អារាម ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩នោះ សម្ដេចអះអាងថា ទោះបីកម្ពុជា កំពុងជួបវិបត្តិ ជំងឺឆ្លងកូវីដ១៩នេះ ប៉ុន្តែកម្ពុជាគ្មានគម្រោង បិទវត្តអារាម និងទីកន្លែងប្រារព្ធ ពិធីសាសនានោះទេ ។
សម្ដេចបន្ថែមថា “ខ្ញុំបានស្ដាប់លឺនូវអ្នកនិយាយឆ្លងឆ្លើយគ្នា ថាយើងឈានទៅបិទវត្តអារាម គ្មានរឿងហ្នឹងកើតឡើងទេ គ្មានវត្តអារាមណាមួយត្រូវបិទ គ្មានវិហារសាសនា ឥស្លាមណាមួយត្រូវបិទ ហើយក៏គ្មាននូវវិហារគ្រឹះសាសនាណាមួយត្រូវបិទនោះទេ។ប៉ុន្តែរាជរដ្ឋាភិបាល អំពាវនាវឲ្យព្រះសង្ឈ ក៏ដូចជាសាសនាឥស្លាម ចូលថ្វាយបង្គំស្អីៗហ្នឹង ថ្វាយបង្គំតាមផ្ទះ ហើយបើសិនជាសូត្រមន្តសូត្រអីហ្នឹងគឺ សូត្រធម៌ សូត្រអី សូត្រនៅតាមកុដរៀងៗខ្លួនទៅ។ក៏ប៉ុន្តែត្រូវប្រើអាគន្លាតសង្គមហ្អា ហើយបើថាអង្គុយឆាន់ ឆាន់ឲ្យឆ្ងាយពីគ្នាបន្តិចទៅ ព្រោះអាហ្នឹងគេចាត់ទុកថា សុវត្ថិភាពបំផុតហើយ សុវត្ថិភាពបំផុតហើយ”។
ទាក់ទងជាមួយបញ្ហាបិទសាលារៀនវិញ សម្ដេចបញ្ជាក់ថា សាលារៀនមិនអាចឲ្យចូលកងវិញ ក្រោយចូលឆ្នាំខ្មែរ បានឡើយ ព្រោះកូវីដ១៩ នៅមិនទាន់គ្រប់គ្រង ស្ថានការណ៍បាននៅឡើយ ។
សម្ដេចបន្ថែមថា “យើងមានវិធានការច្រើនហើយ ដូចជាការបិទសាលារៀន ឲ្យចូលកងមុនការកំណត់ តែប្រហែលជាមិនអាច នឹងបើកសាលារៀន ក្រោយចូលឆ្នាំខ្មែរបានទេ បើយោងទៅលើការវិវត្ត នៃសភាពការណ៍បែបនេះ ឆ្នាំនេះ អាចនឹងការរៀន ជួបការលំបាក ជួបការលំបាក”។
ក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច តាមចាប់ខ្លួន ជនណា ដែលបំផុសព័ត៌មានមិនពិត ទាក់ទងករណីកូវីដ១៩ផងដែរ ។
សម្ដេចសង្កត់ធ្ងន់ថា “ហើយក្បាលម៉ាស៊ីនផ្សព្វផ្សាយ ជាវិទ្យុជាទូរទស្សន៍ ជាអនឡាញ ជាសារព័ត៌មានទាំងអស់ បានចូលរួមកគគ្រឹកគគ្រែង ដែលខ្ញុំសូមអរគុណ ចំពោះអ្នកសារព័ត៌មាន ស្ថានីយ៍ ទូរទស្សន៍វិទ្យុ ក៏ដូចជាក្រុមអនឡាញ ហ្វេសប៊ុកស្អីៗហ្នឹង តែខ្ញុំមិនអរគុណទេ ជាមួយអាអ្នកបំផុតព័ត៌មាន មិនពិត ព្រោះអាហ្នឹង មានតែតាមរកចាប់ខ្លួន យើងកំពុងតែឲ្យ តាមរកចាប់ខ្លួន ព្រោះបំពុលអានេះ ងាប់តានេះ អានោះងាប់តានោះ ឥឡូវងាប់អស់ប៉ុន្មានហើយ ពិតប្រាកដនោះ ពិតប្រាកដ” ៕ ដោយ៖ធី លីថូ