ព័ត៌មានជាតិ

ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យ ពលករ នៅម៉ាឡេស៊ី កុំព្យាយាមរកមធ្យោបាយ ត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុង កូវីដ-១៩ កំពុងរីករាលដាល

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំម៉ាឡេស៊ី បានអំពាវនាវជាថ្មីម្ដងទៀតទៅដល់ ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិត កំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅ ម៉ាឡេស៊ី កុំព្យាយាមរកមធ្យោបាយ វិលត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ កំពុងរីករាលដាល ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវបែបនេះក្រោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅ វិមានសន្ដិភាព ថា សំណូមពរ ដល់ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ដែលរស់នៅកន្លែងណា ត្រូវរស់នៅកន្លែងនោះជាធម្មតាសិន កុំមានចលនាទៅណាឲ្យសោះ ដើម្បីទប់ស្កាត់ កូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ មេសា នេះ បាន​ឲ្យដឹងថា «សូមអំពាវនាវជាថ្មីម្ដងទៀតដល់ ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅក្នុងប្រទេសម៉ាឡេស៊ី សូមមេត្តាកុំព្យាយាមរកមធ្យោបាយវិលត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេលនេះ និងសូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅជាបណ្ដោះអាសន្ននៅទីកន្លែងដែល ខ្លួនកំពុងស្នាក់នៅ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន រហូតដល់មានការជូនដំណឹងជាថ្មី ពីស្ថានទូត»។

ស្ថានទូតម៉ាឡេស៊ី បន្ដថា ទន្ទឹមនឹងនេះដែរ នៅក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួត ពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលកំពុងស្ថិតនៅជាធរមានរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបាន ខ្ជាប់ខ្ជន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលអនាម័យឲ្យបានញឹកញាប់ សូមពាក់ម៉ា ស់ការពារនៅពេលចេញក្រៅ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាង ១ម៉ែត្រ ពេលនៅក្នុងចំណោម មនុស្សនៅកន្លែងផ្សារណធារណៈ និងមិនត្រូវធ្វើដំណើរទៅទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាឃាត់ជាបណ្ដោះអាសន្ន៕ 

ដោយ ៖ អេង ប៊ូឆេង

To Top