Covid-19

កូវីដ១៩៖ សម្តេចតេជោ មានគេស្នើសុំបើក រោងចក្រផលិតម៉ាស (វីដេអូ)

កូវីដ១៩៖ សម្តេចតេជោ មានគេស្នើសុំបើក រោងចក្រផលិតម៉ាស

កូវីដ១៩៖ សម្តេចតេជោ មានគេស្នើសុំបើក រោងចក្រផលិតម៉ាសhttps://dap-news.com/national/2020/04/07/46828/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 7 មេសា 2020

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា បើទោះប្រទេសកម្ពុជា មានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងច្រើនក៏ដោយ ក៏មិនអាចបង្វែរសង្វាក់ផលិតកម្មទាំងនោះ មកដេរម៉ាសបានដែរ ប៉ុន្តែបានបង្ហើបថា មានក្រុមហ៊ុនមួយចំនូន បានដាក់ពាក្យស្នើសុំផលិតម៉ាសនេះដែរហើយ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាវិមានសន្តិភាព សម្តេចតេជោ បានលើកឡើងថា “បើសិនជាបានក្នុងពេលហ្នឹងក៏ជាពេលវេលាមួយល្អដែរ”។

សម្តេចតេជោ ដែលទទួលបានការបង្ហើបប្រាប់ពីលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានវត្តមានផ្ទាល់នៅទីនោះដែរ បានបញ្ជាក់បន្ថែមថា “មានគេដាក់ពាក្យសុំផលិតផ្នែកហ្នឹងដែរ ប៉ុន្តែវាមិនច្រើននោះទេ។ បើគេផលិតអាហ្នឹង យើងស្វាគមន៍ណាស់ នៅក្នុងការពង្រីកអាហ្នឹង”។

សម្តេចតេជោ បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតដើមអម្ពិល អំពីការលទ្វភាពនៃការបង្វែរសង្វាក់ផលិតកម្មវាយនភណ្ឌ ទៅជាការផលិតបរិក្ខារពេទ្យ (ម៉ាស រឺសម្លៀកបំពាក់ពេទ្យ) យ៉ាងដូច្នេះថា “ មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ រដ្ឋាភិបាលបានគិតឃើញ មុននឹងទៅទៀត តាំងពីខ្ញុំប្រជុំកាសែត នៅទីនេះ (៣០ មករា) ខ្ញុំបានចេញបញ្ជាឱ្យរោងចក្រនានាដេរម៉ាស។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់អាស៊ីនដេរម៉ាស និងវត្ថុធាតុដើមដេរម៉ាសនេះ វាមិនដូចម៉ាស៊ីនដែលយើងមាននៅតាមរោងចក្រនានាទេ។ សូមជម្រាបជូន ឱ្យបានជ្រាបអំពីរឿងនេះ”។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា “យើងមានរោងចក្រផលិតម៉ាសនៅខេត្តព្រះសីហនុ មានរោងចក្រ១ ដែលផលិតឱ្យយើងជាបន្តបន្ទាប់ ទន្ទឹងនឹងក្រៅយើងមានរោងចក្រ១ ដែលមុននេះផលិតផ្គត់ផ្គង់ទៅប្រទេសចិន ប៉ុន្តែឥឡូវនេះ យើងឱ្យរោងចក្រនេះ ផលិតសម្រាប់ការផ្គត់ផ្គង់ នៅក្នុងប្រទេសកម្ពុជាទៅវិញ។ មានមនុស្សមិនតិចទេ ដែលនិយាយថា ចង់ឱ្យបង្វែរបញ្ហារោងចក្រផលិតម៉ាសផ្គត់ផ្គង់ក្នុងស្រុក និងលក់ទៅក្រៅ។ បើសិនជាយើងជាតំបន់ផលិតម៉ាសតាំងពីដើម ប្រហែលជាក្លាយជាប្រទេសអ្នកមានផង ក៏មិនដឹង។ តែកន្លងទៅដោយសារយើងផលិតខោ ផលិតអាវ ផលិតស្បែកជើង ហើយយើងមិនអាចប្រែក្លាយម៉ាស៊ីនផលិតស្បែកជើង ផលិតដេរខោអាវហ្នឹង យកទៅផលិតម៉ាសបាននោះទេ។

បើតាមប្រសាសន៍សម្តេចតេជោ អ្នកដែលបានផលិតម៉ាសពិតប្រាកដច្រើនជាងគេ នៅពេលនេះ គឺប្រទេសចិន ក្រៅពីនោះ គឺអាចនឹងមានប្រទេសខ្លះគេផលិតម៉ាសខ្លួនឯង ប៉ុន្តែឥឡូវនេះយើងបានឃើញជាក់ស្តែងហើយ នៅអាមេរិក នៅអឺរ៉ុប សុទ្ធតែជាប្រទេសខ្វះម៉ាស ជាប្រទេសជឿនលឿនពេកទៅ ប្រហែលជាភ្លេច នោះហើយជាសម្តីចាស់បុរាណខ្មែរពោលថា “សេដ្ឋីគង់ខ្វះអំបែង” នេះវាចូលដល់ដំណាក់កាលហ្នឹងហើយ។

សម្តេចបានមានប្រសាសន៍បន្ថែមថា “ចឹងខ្ញុំអាចគ្រាន់តែបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ តាំងពីខ្ញុំប្រជុំកាសែតដំបូងខ្ញុំស្នើឱ្យរោងចក្រនៅក្នុងប្រទេសរបស់យើង ផលិតម៉ាសប៉ុន្តែធ្វើទៅមិនរួច ដោយត្រូវផ្ទេរសង្វាក់ផលិតកម្ម ទៅវាមិនបាន។ ទើបឥឡូវទទួលព័ត៌មានថា មានគេដាក់ពាក្យសុំ ប៉ុន្តែរោងចក្រពិតប្រាកដយើង ទើបតែមាន១គ្រឿងទេ ។ បើសិនជាបានក្នុងពេលហ្នឹងក៏ជាពេលវេលាមួយល្អដែរ តែមិនមែនជាការងាយស្រួល ក្នុងការផ្ទេរសង្វាក់ផលិតកម្មភ្លាមៗនោះទេ។ នេះជារឿងដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង”។

ម៉ាសពាក់មុខ ត្រូវបានគេជឿថា មានតម្រូវការច្រើនលើសពីអ្វីដែលប្រទេសនីមួយៗ នៅលើពិភពលោកមានស្តុក ហើយសេចក្តីរាយការណ៍ព័ត៌មានពីបរទេសឱ្យដឹងកាលពីពេលថ្មីៗនេះ គឺសហរដ្ឋអាមេរិក ព្យាយាមឱ្យថ្លៃមួយជាពីរ ពីប្រទេសបារំាង និងអ៊ីតាលី គ្រាដែលចិន ដឹកម៉ាសទៅផ្គត់ផ្គង់ប្រទេសទាំងនោះ។ ស្ថានភាពករណីជំងឺឆ្លងនៅសហរដ្ឋអាមេរិក មានចំនួនច្រើនជាងគេឈរលំដាប់ទី១ ដែលមានអ្នកឆ្លងកូវីដ១៩ ជាង៣៦ម៉ឺននាក់ អេស្ប៉ាញ ជាង១៤ម៉ឺននាក់ អ៊ីតាលី ជាង១៣ម៉ឺននាក់ អាឡឺម៉ង់ ជាង១០ម៉ឺននាក់ និងបារាំងជិត១០ម៉ឺននាក់ ខណៈប្រទេសចិន មានតែជាង៨ម៉ឺននាក់ប៉ុណ្ណោះ៕

To Top