ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ដោយប្រកាសថា ក្នុងអំឡុងពេលនេះ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនៅតំបន់មួយចំនួន។
យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹកបាន បញ្ជាក់ថា តាមការព្យាករ នៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។
ក្នុងនោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៧°C។ ជាមួយនេះ បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។
ចំពោះបណ្តាខេត្តនៅខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២ ៤-២៦°C និងសីតុណ្ហភាពអតិបរមា ពី ៣២-៣៤°C ដោយផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
សម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច៕

