ព័ត៌មានជាតិ

ថវិកា ពីការចូលរួម របស់ សប្បុរសជន ទាំងអស់ តាមរយ: TYDA ត្រូវបាននាំយក ទៅប្រគល់ ជូនគណៈកម្មាធិការ ជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)

ភ្នំពេញ៖ ថវិកាដែលបានពីការចូលរួម របស់សប្បុរសជន ទាំងអស់សរុបចំនួន ៣៣៥.៤៣៧ ដុល្លារអាមេរិក និង ៧៤.៣៧៩.០០០ រៀល ត្រូវបានក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយក ទៅប្រគល់ជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ការប្រគល់នេះគឺបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដោយមាន ការចូលរួមពី ថ្នាក់ដឹកនាំក្រុមការងារ ប្រតិបត្តិសមាគមTYDA និងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នា មានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំ TYDA សូមថ្លែងអំណរគុណ សប្បុរសជនដែលមាន ទឹកចិត្តថ្លៃថ្លាល្អប្រពៃចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនជាច្រើន បានឧបត្ថម្ភ និងសម្ភារៈជាច្រើនដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈTYDA ៕

To Top