ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី ៩ មេសា នេះ ថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈ ពិសេស នាបច្ចុ ប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូល ពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍ នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញ នូវបទបញ្ជា ដូច ខាងក្រោម ៖
ទី១-ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ទៀត។
ទី២-ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖ ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវដែក ,រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់មន្ដ្រីរាជការស៊ីវិលគ្រប់ស្ថា ប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់ យាយយន្ដត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអញ្ញាណប័ណ្ណ ការងាររបស់ ខ្លួន ,រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅ បំពេញភារកិច្ចរបស់ខ្លួន ,រថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន ,រថយន្ដពន្លត់ អគ្គីភ័យ ,រថយន្ដបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ,ការដឹកជញ្ជូនកម្មករទៅកាន់ ទីកន្លែងការងារ នៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឲ្យលើស ពី៤ នាក់ សម្រាប់ករណីនីមួយៗ។
និងទី៣-បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមាន សម្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះជាខ្លឹមសាររបស់រាជរដ្ឋាភិបាល ៖
ដោយ ៖ អេង ប៊ូឆេង