ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យ កម្មករ-កម្មការិនី ធ្វើការជាធម្មតា ឱកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា។
សម្ដេច ស ខេង ស្នើបែបនេះក្រោយពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេច ក្ដីជូនដំណឹង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោង ចក្រ-សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជា តិ ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ មានដូចជា ករណីកម្មករនិយោជិតណាម្នាក់ ឈប់សម្រាកក្នុងអំឡុងបុណ្យឆ្នាំដោយឯកឯងនោះកម្មករ និយោជិត នឹងត្រូវដាក់ក្នុងវិធាន ចត្តាឡីស័កសុខាភិបាល (ការដាក់ឲ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័ក។
សម្ដេចក្រឡាហោម ស ខេង បានផ្ដល់បទសម្ភាន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីទទួលជំនួយ ម៉ាស់ជូនក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅទីស្ដីការ ក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ថា «ខ្ញុំស្នើឲ្យបងប្អូនកម្មករ ធ្វើការធម្មតា ទៅល្អជាង ពីព្រោះទៅផ្ទះ ទៅបានប្រយោជន៍អី។ជាការល្អប្រសើរ (ធ្វើការ) បើសិនដូច្នេះមែន ក្រសួងការងារត្រូវគិតថា ដើម្បីធានាសុវត្ថិភាពដែរ ក្នុងន័យចឹង។ប៉ុន្ដែអាចមានន័យម្យ៉ាង ទៀតថា គាត់ថា មានន័យថា មិនចង់ឲ្យបងប្អូនទៅ មានន័យចឹង ដល់ពេលទៅមានបញ្ហា អ្នកស្រុក អ្នកភូមិ ក៏មានបញ្ហា ក្នុងន័យប៉ុណ្ណឹងទេ»។
សូមរំលឹកថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាក រយៈពេល៤ថ្ងៃ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។
ក្នុងអនុក្រឹត្យនេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ ដែលជា ថ្ងៃឈប់ សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករ នៅកម្ពុជា ត្រូវបំពេញការងារ ដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕ ដោយ ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/04/A9A73B7D-E803-4C70-89A6-0B10BAD889AD-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/04/3DFAD434-B2F5-4B35-B710-9A49F46CFC3C-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)