Covid-19

អភិបាលរាជធានី បញ្ជាក់ថា វិធានការ បិទការធ្វើដំណើរ ពីរាជធានី ទៅខេត្ត ជាការទប់ស្កាត់ ជំងឺកូវីដ១៩ មិនដូចជនអគតិបំភ្លៃថា ជាការបិទក្រុងទាំងមូល

ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជា ស្ដីពីការដាក់កំហិត  លើការធ្វើដំណើរ ក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅរាត្រីថ្ងៃទី៩ មេសានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា បទបញ្ជា បានចែងច្បាស់ថា មិនអោយប្រជាពលរដ្ឋធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ ដោយឡែករាជធានីភ្នំពេញ ប្រជាពលរដ្ឋ  អាចធ្វើដំណើរ ជាធម្មតា ខណៈដែលមានជនអគតិបំភ្លៃថា បិទទីក្រុងទាំងមូល ។

ក្នុងបទសម្ភាសន៍ជាមួយ  ក្រុមអ្នកសារព័ត៌មាន នាឱកាសចុះពិនិត្យសកម្មភាព របស់កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តតាមបទបញ្ជា ត្រង់ចំណុងស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ បណ្តោយផ្លូវជាតិលេខ៥ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ” ក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ អាចធ្វើចរាចរ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីភូមិមួយទៅភូមិមួយ ពីខណ្ឌមួយទៅខណ្ឌមួយ នៅក្នុងក្របខណ្ឌ រាជធានីភ្នំពេញរបស់យើង ។ ដូច្នេះហើយ សូមបញ្ជាក់ជូន ប្រជាពលរដ្ឋយើងទាំងអស់ ក៏ដូចជាសាធារណៈជន និងប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជាថា បទបញ្ជានេះ បានចែងច្បាស់ថា មិនអោយប្រជាពលរដ្ឋធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ ហើយដោយឡែក  ក្នុងរាជធានីភ្នំពេញ មិនបានហាមឃាត់ អោយធ្វើដំណើរពីខណ្ឌមួយ ទៅខណ្ឌមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយនោះទេ” ។

លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា “បទបញ្ជានេះ ធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលជាជំងឺដ៏សាហាវ វាកំពុងរាតត្បាត នៅលើពិភពលោក ដូច្នេះប្រមុខរាជរដ្ឋាភិបាល ធ្វើនេះគឺមានបំណង ជួយដល់ប្រជាពលរដ្ឋយើង ទាំងអស់គ្នា អោយជៀសផុត អំពីគ្រោះមហន្តរាយ” ។

 លោកបន្តថា “មានសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល មានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលមិនអោយប្រជាពលរដ្ឋទាំងអស់  ហាមការជួបជុំគ្នា នៅតាមទីអារាម ក៏ដូចជាកន្លែងសាធារណៈផ្សេងៗ ធ្វើយ៉ាងណាកាត់បន្ថយគម្លាត  ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ហើយត្រូវធ្វើអនាម័យរៀងៗខ្លួន ដើម្បីអោយយើងទាំងអស់គ្នានេះ កាត់បន្ថយបាន កុំអោយមានការឆ្លងមេរោគ មកលើខ្លួនយើងម្នាក់ៗ ហើយក្នុងសហគមន៍របស់យើង កាលណាយើង កាត់បន្ថយខ្លួនរបស់យើង   មិនអោយពាក់ព័ន្ធ មិនអោយឆ្លង  នឹងជំងឺ  សហគមន៍របស់យើង ក៏មិនរាលដាលដែរ នេះជាចំណុចសំខាន់” ។

នាឱកាសនោះ លោក ឃួង ស្រេង បានឲ្យដឹងថា “មានក្រុមអគតិ បានបំភ្លើស ការពិតថា គេបិទរាជធានីភ្នំពេញ មិនអោយប្រជាជនចេញចូល ធ្វើដំណើរ ឬក៏គេថា ប្លុក (Block) ភ្នំពេញទាំងមូល ប៉ុន្តែនេះមិនមែនប្លុកទេ ជាកិច្ចការខណ្ឌចំណែកមួយ ពីខេត្តមករាជធានី ពីខេត្តនឹងខេត្ត ធ្វើយ៉ាងណា កុំអោយប្រជាពលរដ្ឋធ្វើដំណើរ ទៅជួបជុំគ្នា ដើម្បីជៀសអោយបាន នូវជំងឺឆ្លងដែលកំពុងរាតត្បាត នៅលើពិភពលោក ។ ថ្វីត្បិតតែកម្ពុជា យើងអាចគ្រប់គ្រងបាន ដូច្នេះហើយ ទើបបានជាសម្តេចតេជោ លោកត្រូវមានវិធានការ ជាបន្តបន្ទាប់ ធ្វើយ៉ាងណាកាត់បន្ថយ និងទប់ស្កាត់ អោយខានតែបាន នូវជំងឺរាតត្បាតនេះ” ។

ក្នុងនោះដែរ លោកអភិបាល បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវធ្វើការត្រឡប់មកវិញ ជាមធ្យោបាយឯកជន ក្រោយវេលាម៉ោង ១២រំលងអាធ្រាត្យតទៅ ត្រូវបានអនុញ្ញាតឲ្យចូលបាន ដោយបានដាក់ផែនការ ដល់កងកម្លាំងទាំងពីរប្រភេទ ដែលជាសេនាធិការ ក៏ដូចជាគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ ត្រូវតែធ្វើរបាយការណ៍ ឬសម្របសម្រួលជូនប្រជាពលរដ្ឋ ដើម្បីអោយឲ្យបានចូលមកក្នុងមូលដ្ឋាន ផ្ទះរបស់ខ្លួនវិញ ។

លោក ឃួង ស្រេង បានឲ្យដឹងទៀតថា “គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលមានទីតាំង ឡានដឹកជញ្ជូនអ្នកដំណើរ បានន័យថារថយន្ត  Bus ដឹកជញ្ជូន ទៅបណ្តាលខេត្តនានា យើងបានជូនដំណឹងទៅគាត់ អោយផ្អាកសកម្មភាព ដឹកជញ្ជូន នៅម៉ោងសូន្យៗ ។ បើមុនម៉ោងសូន្យៗ ក៏ត្រូវអោយធ្វើការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវបិទម៉ាស៊ីនត្រជាក់ ត្រូវបើកកញ្ចក់ ហើយកៅអី មានគម្លាតពីគ្នា រំលងកៅអីមួយៗ ធ្វើយ៉ាងណា ប្រសិនជាមានអ្នកផ្ទុកមេរោគ នៅក្នុងនេះ កុំអោយ មានការរាលដាលឆ្លង នេះជាកិច្ចការងារមួយ ទៅតាមក្រសួងសុខាភិបាលណែនាំ”។

ដោយឡែកតាក់ស៊ី ដឹកអ្នកដំណើរ ដែលជាប្រភេទ រថយន្តឈ្នួល  ដឹកអ្នកដំណើរ ទៅតាមបណ្តាលខេត្តនានា ដែលមានទីតាំងចំណត នៅរាជធានីភ្នំពេញ ត្រូវបានណែនាំ អោយវិលត្រឡប់ ទៅលំនៅដ្ឋានរៀងៗខ្លួន ដោយអោយផ្អាក់អាជីវកម្ម ជាបណ្តោះអាសន្ន តាមការណែនាំ  របស់រាជរដ្ឋាភិបាល ដោយសារតែអាជីវកម្ម រថយន្តឈ្នួលដឹកអ្នកដំណើរនេះ មានហានិភ័យខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមមធ្យោបាយមួយនេះ៕ ដោយ៖ ដារាត់

To Top