ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញវិធានថ្មីចំនួន៣ ក្នុងការជំរុញការបង្កបង្កើនផលកសិកម្ម នៅក្នុងរដូវវស្សា ឆ្នាំ២០២០នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិធានការត្រៀមបម្រុងស្បៀង អាហារ សម្រាប់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលមានផលប៉ះពាល់ ជាសកលបង្កដោយជំងែកូវីដ១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការជំរុញការងារ បង្កបង្កើនផលកសិកម្មនៅក្នុងរដូវវស្សា ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ។
ដើម្បីធានាសន្និធិស្បៀង សម្រាប់ឆ្លើយតបទៅនឹង ហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រសួងបានដាក់ចេញវិធានការ ៣ចំណុចដូចខាងក្រោម៖
១- អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការប៉ាន់ស្មានបរិមាណស្រូវ អង្ករ ដែលមាននៅក្នុងស្ដុក ទាំងក្នុងរោងម៉ាស៊ីកិនស្រូវ ទាំងក្នុងសហគមន៍ គ្រួសារកសិករ ដើម្បីព្យាករណ៍អំពិតុល្យភាព ស្បៀងច្បាស់លាស់ ក្នុងឆ្នាំ២០២០២នេះ ព្រមទាំងសិក្សាវាយតម្លៃលើផ្ទៃដី ដែលមានសក្ដានុពលក្នុងការដាំដុះបន្លែរ និងបរិមាណផលបន្ថែម ដែលអាចរក្សាបានស្ថេរភាពស្បៀង ដោយសហការជាមួយ នាយកដ្ឋានផែនការ និងស្ថិតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ រាជធានី-ខេត្ត។
២-អគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវធ្វើការប៉ាន់ប្រមាណ តម្រូវការសត្វ សាច់ និងការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០២០ ដើម្បីមានមូលដ្ឋាន ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ។ ជាពិសេសការបំផុស ចលនាចិញ្ចឹមសត្វ ឲ្យបានផុសផុលតាមគ្រប់រូបភាព ដូចជាការចិញ្ចឹមសត្វដែលមានវដ្ដផលិកម្មខ្លី ដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងបរិការណ៍បច្ចុប្ន្បន្ន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជននិងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពសន្តិសុខស្បៀង។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការណ៍ ឲ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការលួចនាំចូល សត្វ-សាច់ដោយខុសច្បាប់ ការរីករាលដាលនៃជំងឺសត្វជាយថាហេតុ ដែលអាច ជាបន្ទុកមួយទៀតបន្ថែមលើហានិភ័យ បណ្ដាលមកពីជំងឺកូវីដ១៩ នាកាលៈទសៈបច្ចុប្បន្ននេះ ក្នុងស្មារតីទទូលខុសត្រូវខ្ពស់។
៣- រដ្ឋបាលជលផល ត្រូវធ្វការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់ផលនេសាទ ដើម្បីធានាបាននូវការផ្គត់ផ្គង់ សម្រាប់ប្រើប្រាស់ក្នុងស្រុក រក្សាបានស្ថិរភាពតម្លៃទីផ្សារ និងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ។
សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី អះអាងថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះទេ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើល ប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារ ឲ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ សម្ដេចថា កុំឲ្យពួកគាត់ខ្វះ ស្បៀងអាហារឲ្យសោះ ក្នុងពេលដែលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗ ដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋ របស់យើងអោយបានទាន់ពេល ៕