ភ្នំពេញ ៖ បើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ គឺប្រជាពលរដ្ឋដែលបាននាំគ្នាសំរុកចេញពីភ្នំពេញកាលពីរាត្រីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ត្រូវបានដាក់ដោយឡែករយៈពេល១៤ថ្ងៃ។
លោករដ្ឋមន្រ្តីបញ្ជាក់ក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃ១០ មេសា ថា “នៅតាមមូលដ្ឋានដែលតឹងរឹង បងប្អូនមួយចំនួនដែលខំសំរុកចេញកាលពីយប់ថ្ងៃព្រហស្បត៍ ទី ៩ មេសា ២០២០ ត្រូវគេយកទៅដាក់ដោយឡែក ចំនួន ១៤ ថ្ងៃ គឺមិនបានទៅដល់ផ្ទះ”។
លោកថា បើលោតែមកដល់ភ្នំពេញ គេដាក់ ដោយឡែក ១៤ ថ្ងៃទៀត បានដឹងថាចាញ់បោក មេខ្យល់មែនទែនហើយ។
សូមបញ្ជាក់ថា យប់មិញនេះ មានពលរដ្ឋជាច្រើន បានចេញពីភ្នំពេញ ទៅស្រុកកំណើតរៀងៗខ្លួន ក្រោយរាជរដ្ឋាភិបាល ចេញសារាចរ មិនឲ្យធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ និងពីស្រុកមួយទៅស្រុក ព្រមទាំងពីខេត្តមួយ ទៅខេត្តមួយចាប់ពីរាត្រីថ្ងៃ៩ មេសាដល់រាត្រី១៦មេសា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕




