ព័ត៌មានជាតិ

Colgate-Palmolive Thailand និង ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឧបត្ថម្ភសាប៊ូ ដុំប្រូថិក ជាង១លានដុំ ជូនក្រសួងសុខាភិបាល

ភ្នំពេញ : ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភ សាប៊ូដុំប្រូថិក ជាង១លានដុំ ជូនក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា ដែលមានឈ្មោះថា “១លានប្រូថិក ១លានការពារ” ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ឋិតក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ដែលកំពុងជះឥទ្ធិពលដ៏អាក្រក់ ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក មានមនុស្ស ជាច្រើនកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ពីការ ការពារខ្លួនពីវីរុស និងបាក់តេរី ហើយក៏មានមនុស្សជា ច្រើនកំពុងតែប្រឈមមុខនឹងកង្វះខាត ក្នុងការទិញនូវផលិតផលការពារខ្លួន របស់ពួកគេពីការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩ ដែលកើតមាននៅក្នុងប្រទេសពួកគេផងដែរ ។

លោកឧកញ៉ា ជៀម ផែន អគ្គនាយកក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានមានប្រសាសន៍ថា ដើម្បីចូលរួមការពារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យ នៃការឆ្លង ជំងឺកូវីដ១៩ ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឧបត្ថម្ភសាប៊ូដុំប្រូថិក ដែលអាចកំចាត់បាក់តេរីបានរហូតដល់ 99.9% ចំនួន១លាន៨ដុំ ស្មើនឹងទឹកប្រាក់សរុបចំនួន USD 512,699 (ប្រាំរយដប់ពីរពាន់ ប្រាំមួយរយកៅសិបប្រាំបួន ដុល្លារអាមេរិក) តាមរយៈក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជាប្រើប្រាស់ក្នុងការលាងសម្អាតដៃ និងខ្លួនប្រាណ។

ទន្ទឹមនឹងនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែលជាកាយវិការត្រូវបានចងចាំទុក នៅក្នុងប្រវត្តិសាស្រ្តសាមគ្គីភាពរបស់ជាតិយើង ។ លោក ម៉ម ប៊ុនហេង សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជា ជម្រុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា ដោយយោងតាមសារអប់រំ របស់ក្រសួងសុខាភិបាល គឺការលាងសំអាតដៃឲ្យបានញឹកញាប់គឺជាសកម្មភាព ដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុស និងបាក់តេរីផ្សេងៗ ដូច្នេះតាមរយៈយុទ្ធនាការបរិច្ចាគ “១លានប្រូថិក ១លានការពារ” ដល់ប្រជាជនកម្ពុជានេះ ក្រុមហ៊ុនសាប៊ូប្រូថិក សង្ឃឹមថា ប្រជាជនកម្ពុជារបស់យើង នឹងចូលរួមលាង សំអាតដៃ និងខ្លួនប្រាណទាំងអស់គ្នា ដើម្បីរក្សាអនាម័យសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើងទាំងមូល ៕

To Top