ភ្នំពេញ ៖ នារសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាល ជាមួយកងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៥២ នាក់ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក និងឧតុនិយម ។
ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់ នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណ ចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។
ទោះបី ក្នុងកាលៈទេសៈ យើងទាំងអស់គ្នា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីត១៩ ក៏ដោយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ ដល់បណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក និងឧតុនិយម រួមមាន ៖
១- កងវរសេនាតូចលេខ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ចំនួន ១៣០ នាក់
២- កងវរសេនាតូចលេខ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៦៨ នាក់
៣- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែន ដែនទិសប្រាសាទតាក្របី ចំនួន ២៤២ នាក់ ។
ដោយនាយ ទាហាន និង ពល ទាហាន ទាំង អស់ ទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងម្នាក់ៗ ។