ព័ត៌មានជាតិ

អ្នកឆ្លងជំងឺកូវីដ១៩នៅថៃ កើនដល់ ២.៤៧៣នាក់ និងស្លាប់កើនដល់ ៣៣នាក់, ថៃហាមលក់កគ្រឿងស្រវឹង គ្រប់ប្រភេទ ១០ថ្ងៃ

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ ចំនួន ៥០ ករណីថ្មីទៀត ដែលធ្វើអោយចំនួនអ្នកឆ្លង ក្នុងប្រទេសនេះសរុបកើនឡើងដល់ ២.៤៧៣ លើខេត្តចំនួន ៦៨ និង មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលជាស្ត្រីមានជំងឺសើរស្បែករ៉ាំរៃ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ទៅ ៣៣ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមធំបំផុតនៃការឆ្លងថ្មីមានអាយុ ១៩ ឆ្នាំ ស្ថិតនៅក្នុងទីក្រុងបាងកក។ នៅខេត្ត Phangna  បានរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួន។ ខេត្តចំនួន ០៩ផ្សេងទៀត នៅតែមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ នៅឡើយ ។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាននិយាយថាស្ត្រីដែលស្លាប់គឺជាអ្នកលក់ដូរ ដែលមានជំងឺសើរស្បែករ៉ាំរៃ ។

សូមជម្រាបថា អាជ្ញាធរនៅទីក្រុងបាងកក បានហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១០ ថ្ងៃ ដើម្បីជួយទប់ស្កាត់ការប្រមូលផ្តុំនៅក្នុងសង្គមដែលអាចរាលដាលវីរុសដែលបង្កឱ្យកើតជំងឺកូវីដ១៩ ។ ការហាមឃាត់នេះចូលជាធរមានចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែមេសា និងជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់តំបន់ទីក្រុងក្នុងការទប់ស្កាត់ការឆ្លងរាលដាលយ៉ាងច្រើនចាប់តាំងពីដើមខែមីនា។ប្រែសម្រួលៈ ណៃ តុលា

To Top