ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារប្រចាំការ ដេីម្បីធ្វេីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិតលេីការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩។
យោងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយចេញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រចាំការ ដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនេះ មានសមាសភាពចំនួន ១៣រូប ដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ។
ក្រសួងមហាផ្ទៃ បន្ដថា ក្រុមប្រចាំការរបស់ក្រសួងមហាផ្ទៃ ទើបបង្កើតថ្មីនេះ ត្រូវប្រចាំការ ដើម្បីតាមដានព័ត៌មាន និងក្តាប់សភាពការណ៍នានាអំពី ការអនុវត្តបទបញ្ជាលេខ០២ ប.ប ដើម្បីគោរពរាយការណ៍ និងសុំមតិដឹកនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំដៅដោះស្រាយ ឆ្លើយតបបញ្ហានានា ក្នុងការអនុវត្តបទបញ្ជា ឲ្យបានទាន់ពេលវេលា។
បទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល បានកំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តចាប់ពី
ថ្ងៃទី៩មេសា ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិ ស្រុក ក្នុងអំឡុងពេលចូលឆ្នាំ នាពេលខាងមុខនេះ៕
ដោយ អេង ប៊ូឆេង