ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងគ្រាអាសន្នករណីការរីករាលដាលនៃមេរោគ កូវីដ-១៩ (COVID-19) ឃើញ យ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្ត ដោយមិន ខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។
សម្ដេច ទៀ បាញ់ លើកឡើងបែបនេះបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ក្នុងនោះ ក៏មានប្រាក់បៀវត្សរ៍របស់ខ្លួន ដើម្បីចូល រួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២០ ថា «ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 យើងនឹងឃើញ យ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង»។
សូមរំលឹកថា ហូតដល់ពេលនេះ ក្រសួងសុខាភិបាល កម្ពុជា រកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០ករណី ក្នុងនោះ មាន៧៥ករណី បានព្យាបាលជាសះស្បើយ និង៤៥ករណីទៀត កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅកម្ពុជា៕
ដោយ ៖ អេង ប៊ូឆេង