Covid-19

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានផ្អាក ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ ត្រូវបានសម្រេចផ្អាកការរៀបចំ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១១ មេសា ។

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានផ្អាក ដោយសារតែពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា កំពុងតែព្រួយបារម្ភចំពោះ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសកំពុងសកម្ម ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ។

តាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ មេសា សម្ដេចចៅហ្វាវាំង គង់ សំអុល ប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានថ្លែងថា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានឈ្វេងយល់ ពីទុក្ខលំបាកនៃផលប៉ះពាល់ ពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយកម្ពុជា ក៏កំពុងរងផលប៉ះពាល់ដោយជំងឺនេះផងដែរ ។

សម្ដេច គង់ សំអុល បញ្ជាក់ថា «សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ គោរពសូមសម្ដេចតេជោនាយករដ្ឋមន្ត្រី មេត្តាអនុញ្ញាតជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់ផ្អាកព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នៅខេត្តកំពង់ធំ នៅក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងទប់ស្កាត់ និងការពារជំងឺកូវីដ១៩នេះ» ។

ទាក់ទិននឹងសំណើសុំផ្អាកនេះដែរ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចារយល់ព្រមលើលិខិត របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចឲ្យផ្អាកព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័លនេះ ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ រោច ខែពិសាខ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណី ទំនៀមទម្លាប់មួយ និងដើម្បីជាសារប្រកាសប្រាប់ បណ្តាប្រជាកសិករខ្មែរ ឲ្យដឹងពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំ ដាំដុះផ្សេងៗទៀតផងដែរ ៕

To Top