មកទល់ពេលនេះ គិតទៅរយៈពេល៥ខែទៅហើយ នៅតែមានការជជែកវែកញែក អំពីវីរុសកូរ៉ូណា ចេញមកពីណា និងដល់ពេលណា ទើបវាផុតរលត់ពីលោកយើងនេះ?
បណ្តាញសារព័ត៌មានបរទេស បានចុះផ្សាយជាបន្តបន្ទាប់ថា វីរុសកូរ៉ូណា ចេញមកពីទីក្រុងវូហាន (Wuhan) ក្នុងខេត្ត ហឺបេ (Hebei) របស់ប្រទេសចិន ហើយមានប្រភពដើម ពីសត្វប្រចៀវ បើទោះបីជាមិនទាន់ មានការបញ្ជាក់ជាផ្លូវ នៅឡើយ ។ ទន្ទឹមនេះ ក៏មានព័ត៌មានខ្លះសរសេរ ពីការចោទប្រកាន់គ្នាទៅវិញទៅមក រវាងចិននិងអាមេរិកថា “ជាអ្នកបង្កើត ឬជាអ្នកទទួលខុសត្រូវ” លើវីរុសនេះរហូតដល់ត្រៀមរៀបចំប្តឹងផ្តល់គ្នាទៅទៀត។
ដំណាលគ្នានេះ ក៏មានការសន្និដ្ឋាននិងនិយាយតៗគ្នា ដែលស្តាប់ទៅដូចជាទំនងម្យ៉ាងដែរ ឧទាហរណ៍ ការសន្និដ្ឋានដោយការស្រមើស្រមៃមួយថា ប្រហែលជាស្ត្រីណាម្នាក់ អាចពាក់ព័ន្ធនឹងវីរុសនេះដែរ បានជាអ្នករងគ្រោះភាគច្រើនលើសលប់ជាបុរសវ័យចំណាស់ ដែលនៅមានថាមពល ហើយដោយសារវីរុសកូរ៉ូណានេះហើយ ដែលបានចាប់បង្ខំប្រុសៗឲ្យនៅផ្ទះជាមួយប្រពន្ធៗទាំងថ្ងៃទាំងយប់ រហូតក្លាយជាបុរសគ្រប់ល័ក្ខ ទោះជាគេធ្លាប់លាក់ស្រីៗខ្លះនាពេលកន្លងមកក៏ដោយ ។
យោងតាមតួលេខអ្នកស្លាប់ជិត៤ម៉ឺននាក់ នៅប្រទេសចិន ចំនួនបុរសមានដល់ ទៅជាង៦០ភាគរយឯណោះ។ ដូចគ្នានៅប្រទេសអ៊ីតាលី មានការសិក្សាមួយទៅលើអ្នកជំងឺធ្ងន់ធ្ងរចំនួន ១ម៉ឺន៥ពាន់នាក់ ក្នុងនោះ៨០ភាគរយជាបុរស។
វីរុសកូរ៉ូណា កាចសាហាវ និងឃោរឃៅហួសពីការស្មាន!
វីរុសកូរ៉ូណា បានធ្វើឲ្យពិភពខ្លាច ខ្លាចរហូតដល់ធ្វើឱ្យមនុស្សលែងជឿមនុស្ស ប្តីខ្លាចប្រពន្ធ ប្រពន្ធខ្លាចប្តី ។ មនុស្សរាប់លាននាក់បានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល និងរាប់ម៉ឺននាក់ទៀត បានបាត់បង់ជីវិត ជាបន្តបន្ទាប់ សូម្បីតែគ្រួពេទ្យ ដែលមានជំនាញវេជ្ជសាស្រ្ត ជាអ្នកសង្គ្រោះជីវិត អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតដែរ ។ ជំងឺមួយនេះ បានធ្វើឲ្យពិភពលោក បានស្គាល់នូវស្ថានភាពមួយដែលគេធ្លាប់ឮកាលពីបួនទសវត្សរ៍មុន នោះគឺមានផ្លូវអត់មនុស្សដើរ និងរស់ក្នុងសភាពគុកឥតជញ្ជាំង ដែលពលរដ្ឋកម្ពុជា ធ្លាប់ជួបប្រទះនៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ។
ជាមួយនឹងទុក្ខសោក និងក្តីលំបាកដែលពិភពលោក ទាំងមូលកំពុងជួបប្រទះស្រ្តីមេផ្ទះមួយចំនួនបែរ ជាចាប់ផ្តើមស្រលាញ់ប្តីច្រើន ជាងមុននិងខ្លាំងជាងមុន ។ ប៉ុន្មានថ្ងៃមកនេះ មានការចែកចាយតៗគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក អំពីរូបស្រ្តីម្នាក់ដោយការសរសេររៀបរាប់ថា គាត់បានរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល ៤ឆ្នាំហើយ ទើបទទួលបាននូវលាភកូនដំបូង ក្នុងជីវិតនៅពេលនេះ ព្រោះបានប្ដីនៅក្បែរជាមួយរហូត។ ទោះជារឿងពិត ឬជាការប្រឌិតលើការបង្ហោះរូបខាងលើ មានភរិយារបស់មិត្តភក្តិខ្ញុំមួយចំនួនពិតជាបាននិយាយស្រដៀងគ្នានេះដែរ ។ ក្នុងបរិបទនេះ ធ្វើឱ្យគេនាំគ្នាធ្វើការប្រមើលមើលថាបន្ទាប់ពីវីរុសកូរ៉ូណាវាយលុកពិភពលោកនេះមក អត្រាកុមារនឹងអាចមានកំណើនឡើងមួយជាពីរនៅដើមឆ្នាំ២០២១ខាងមុខនេះ តែក៏មានការបារម្ភថា ចំនួនអ្នកលែងលះគ្នាក៏ច្រើនណាស់ដែរ ព្រោះដល់ពេលដែលត្រូវធុញគ្នា ទើសគ្នាទៅវិញទៅមក ដែលស្ថានភាពនេះបានកើតឡើងរួចទៅហើយនៅប្រទេសចិន ។
វីរុសសកូរ៉ូណា ចេញពីចិន តែបែរជាស្លាប់ នៅអាមេរិកច្រើនជាងទៅវិញ!
ពិតជាចម្ងល់ដ៏ធំមួយ ដែលគេឆ្ងល់ថាបើប្រភពដើមចេញពីប្រទេសចិនមែន ហេតុអ្វីបានជាអ្នកដែលរងគ្រោះខ្លាំងជាងគេនោះ នៅឯទ្វីបម្ខាងទៀតនៃភពផែនដីទៅវិញ ហើយក៏ជាប្រទេសមហាអំណាចធំពិភពលោក ដែលកំពុងឈ្លោះជាមួយចិន? ចិនមានប្រជាជនជាង១ពាន់លាននាក់ តែអ្នកឆ្លងវីរុសកូរ៉ូណាមិនដល់១០ម៉ឺននាក់ផង រីឯអ្នកស្លាប់មានតែជាងបីពាន់នាក់ ខណៈដែលនៅអាមេរិកមានប្រជាពលរដ្ឋ តែជាង៣០០លាននាក់ មានអ្នកឆ្លងរហូតដល់ជិត៥០ម៉ឺននាក់ ហើយអ្នកដែលស្លាប់កើនឡើងដល់ទៅជិត២ម៉ឺននាក់ឯណោះ (គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០) ។
ចិនមានថ្នាំព្យាបាល វីរុសសកូរ៉ូណា?
នៅពេលដែលពិភពលោក កំពុងវិលវល់នឹងការស្រាវជ្រាវ ដ៏អន្ទះអន្ទែងដើម្បីសង្រ្គោះជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋ របស់ខ្លួនរៀងៗខ្លួន ចិនបានសំងំព្យាបាល អ្នកជំងឺដោយថ្នាំបុរាណរបស់ខ្លួន ។ សារព័ត៌មានចិនបានផ្សាយថា អ្នកជំងឺប្រមាណជា៩០ភាគរយ បានព្យាបាលជាដោយសារតែថ្នាំបុរាណនេះឯង ប៉ុន្តែចិនមិនបានផ្សព្វផ្សាយ ប្រាប់ដល់ពិភពលោកនោះទេ ព្រោះពុំទាន់មានការសិក្សាច្បាស់លាស់ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រដែលទទួលស្គាល់ជាសាកលនៅឡើយ ។ ថ្នាំនេះ តាមពិតត្រូវបានចិនយកមកប្រើប្រាស់តាំងពីសម័យកាលជំងឺឆ្លងវីរុសសារ (SARS) នៅឆ្នាំ២០០២-២០០៤ ដែលត្រូវបានគេរកឃើញដំបូងនៅខេត្តគួងដុង (Guandong) ប្រទេសចិន ហើយដែលបណ្តាលឲ្យមនុស្សចំនួនជិត១០ម៉ឺននាក់ បានឆ្លងក្នុងចំណោមប្រទេសចំនួន២៩ និងបណ្តាលឲ្យមនុស្សជិត១ពាន់នាក់បានស្លាប់ ។ យ៉ាងណាក៏ដោយ ក៏ពុំទាន់មានប្រភពច្បាស់ការណាមួយឬអង្គការសុខភាពពិភពលោកទទួលស្គាល់ថាមានថ្នាំព្យាបាលជំងឺខូវីដ-១៩ ជានៅឡើយទេ ។
អាមេរិកដឹងថាមានវីរុសរាតត្បាតដ៏កាចសាហាវនឹងកើតឡើង៖
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហ្សច ដាប់បាល់យូ ប៊ូស (George W Bush) បានថ្លែងសុន្ទរកថាមួយនៅឯវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក កាលពីឆ្នាំ២០០៥ ថា សហរដ្ឋអាមេរិកនឹងប្រឈមនូវជំងឺឆ្លង ដ៏កាចសាហាវមួយ ហើយបើមិនបានត្រៀមខ្លួនជាមុនទេ អាមេរិក នឹងបាត់បង់ម្ចាស់ការ តែលោកក៏មិនដឹងច្បាស់ថា ពេលណាមួយវានឹងកើតឡើងនោះដែរ។ តាមពិតលោក George W Bush (កូន) និយាយកាលណោះ ដោយគាត់យោងទៅលើសៀវភៅមួយក្បាល (The Great Influenza) ដែលសរសេរពី “ជំងឺឆ្លងផ្តាសាយនៅឆ្នាំ១៩១៨” ដែលបានបណ្តាលឲ្យមនុស្សចន្លោះពី១៧ទៅ៥០លាននាក់បានបាត់បង់ជីវិត។ វាជាជំងឺមួយដែលគេហៅថា ផ្តាសាយអេស្ប៉ាញ (La Gripe Espanola) ឬ ជាជំងឺសុបិនអាក្រក់ (The Nightmare) ។ នៅពេលនោះ លោក ប៊ូស បានលើកជាយុទ្ធសាស្រ្ត បីចំណុច៖ ទីមួយ ត្រូវរកឲ្យឃើញឬចាប់ឲ្យបានថាវាចេញមកពីណា ។ ទីពីរ ត្រូវត្រៀមការពារពលរដ្ឋអាមេរិកដោយការស្តុកវ៉ាក់សាំងនិងថ្នាំប្រឆាំងនឹងវីរុសនិងផលិតវ៉ាក់សាំងថ្មីៗឲ្យបានលឿនជាទីបំផុត និងទីបី ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបភ្លាមៗទាំងកំរិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន នៅពេលដែលជំងឺឆ្លងចូលមកដល់ទឹកដីរបស់អាមេរិក ហើយដើម្បីត្រៀមលក្ខណៈឲ្យបានល្អនិងជោគជ័យ លោក ប៊ូស បានស្នើថវិការចំនួន៧ពាន់លានដុល្លារដើម្បីត្រៀមប្រយុទ្ធជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។
ដឹងហើយ ហេតុអ្វីបានជាអាមេរិក បរាជ័យក្នុងការទប់ស្កាត់?
ក្រុមអ្នកឃ្លាំមើលបញ្ហាអន្តរជាតិរបស់សហគមអឺរ៉ុប (Modern Diplomacy) បានសរសេរថា ទង្វើអវិជ្ជមាន (ក្រអឺតក្រទម)ការពន្យារពេល និងការខុសឆ្គងផ្នែកគោលនយោបាយ បានបណ្តាលឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក។ គេបានលើកឡើងថា នៅពេលដែលចិនកំពុងធ្វើសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា អាមេរិកបែរជាស្តីបន្ទោសចិន វាយប្រហារចិន រិះគន់ចិននិងព្យាយាមធ្វើឱ្យចិនចុះខ្សោយ។ គេថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខ្ជះខ្ជាយពេលវេលាដោយអចេតនា។ ទន្ទឹមនឹងនេះ គេក៏បានស្តីបន្ទោសរដ្ឋបាល Trump វិញថា បរាជ័យក្នុងការជួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងគ្រាដ៏លំបាកបំផុតនៅពេលដែលប្រទេស អ៊ីតាលី បារាំង អង់គ្លេស និងអេស្បាញ ស្ថិតនៅដំណាក់កាលដំបូងបំផុតនោះ។ គេថាប្រសិនបើតាំងពីដើមមកសហរដ្ឋអាមេរិកបានជួយសម្ព័ន្ធមិត្តរបស់ខ្លួនវាប្រហែលជាមិនរីករាលដាលខ្លាំងទេ ហើយប្រហែលជាមិនអាចទៅដល់អាមេរិកទៀតផង។
វីរុសកូរ៉ូណានឹងមានជីវិតដល់ពេលណា?
ពុំមាននរណាម្នាក់ហ៊ានអះអាងថា វីរុសដ៏កំណាចនេះនឹងរលាយនៅពេលណានោះទេ ក្រៅតែពីការសន្និដ្ឋានខ្លះៗថាវាអាចនឹងសាបរលាបទៅវិញនៅមុនដំណាច់ឆ្នាំនេះ អាស្រ័យទៅលើសមត្ថភាពនៃការប្រយុទ្ធប្រឆាំងជាសាកល និងវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែបើយើងសិក្សាពីប្រវត្តិនៃវីរុសផ្តាសាយឬជំងឺផ្លូវដង្ហើមនានាដែលកើតមានកន្លងមក ដូចជា ផ្តាសាយអេស្ប៉ាញ បានអូសបន្លាយពេលអស់បីឆ្នាំ (ពីខែមករា ១៩១៨ ដល់ខែធ្នូ ឆ្នាំ១៩២០) និងជំងឺសារ (SARS) ចាប់ផ្តើមផ្ទុះពីខែវិច្ឆិការ ឆ្នាំ២០០២ ដល់ខែឧសភា ឆ្នាំ២០០៤ ។
វីរុសកូរ៉ូណាគ្មានបាស្ព័រ ហើយក៏គ្មានវីសាដែរ៖
វីរុសកូរ៉ូណាគ្មានបាស្ព័រ គ្មានវីសា មិនលំអៀង មិនស្គាល់ព្រំដែន អត់ស្គាល់ពូជសាសន៍ សាសនា ឬជនជាតិអ្វីឡើយ តែអ្វីដែលអាចទប់ស្កាត់ និងប្រឆាំងវាបាន គឺការរួមគ្នាដោយគ្មានការប្រមាថ ការរិះគន់ និងការធ្វេសប្រហែស ។
ប្រធានអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយតបទៅ នឹងលោកប្រធានាធិបតី Trump ថា “សូមកុំធ្វើនយោបាយវីរុស កូរ៉ូណានេះឲ្យសោះ ។ រាល់គណបក្ស នយោបាយ គួររួមគ្នាជួយសង្គ្រោះ ប្រជាជនរបស់ពួកគេ ។ ប្រសិនបើអ្នកចង់កេងប្រវ័ញ្ច និងធ្វើនយោបាយលើមេរោគនេះ សូមអ្នកត្រៀមថង់ ដើម្បីវេចសាកសពឲ្យហើយទៅ” ៕