ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន បញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសានេះ គឺមានរោងចក្រ៩៥ភាគរយ បានបើកដំណើរការ ហើយកម្មករទៅធ្វើការជាធម្មតា ប៉ុន្តែអ្នកដែលឈប់ការងារចំថ្ងៃបុណ្យចូលឆ្នាំខ្មែរ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ នេះបើយោងតាមAKP។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា “គិតត្រឹមម៉ោង ៧:៣០នាទី ព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការ កាលពីថ្ងៃសៅរ៍ បានបើកដំណើរការជាធម្មតា។ បន្ថែមពីនេះ នៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាក កាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥ភាគរយ បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា។”
លោកបានលើកឡើងថា កម្មករនិយោជិតដែលបានឈប់ការងារក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយពីបុណ្យចូលឆ្នាំ ហើយកម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សរ៍ទេ ប្រសិនជាឈប់ ដោយគ្មានការអនុញ្ញាត ពីរោងចក្រ។
សូមជម្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិ បាលបានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនអនុញ្ញាឱ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករ និយោជិតឈប់សម្រាកនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាលបានសន្យាថា នឹងសងថ្ងៃឈប់សម្រាប់រយៈពេល៥ថ្ងៃវិញ នៅពេលដែលជំងឺកូវីដ-១៩បានចប់៕