ព័ត៌មានជាតិ

លោក​ ស៊ុន​ ចាន់ថុល​ ៖​ ទោះបីពិភពលោក កំពុងស្ថិតក្រោម ការគំរាមកំហែង​ កូវីដ-១៩​ ក៏ដោយ​ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាបញ្ហាអាទិភាព

ភ្នំពេញ​ ៖​ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានថ្លែងថា​ ទោះបីពិភពលោកទាំងមូល​ កំពុងស្ថិតក្រោមការ គំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺ​ កូវីដ-១៩​ ក៏ដោយ​ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូន។ 

ក្នុងកិច្ចប្រជុំពិភាក្សា​ ស្ដីពី​ ថវិកាជំពូក២១ នៅថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០២០​ លោក​ ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា “ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋទូទៅ”។ 

ទន្នឹមនឹងនោះ​ រដ្ឋន្ត្រីក្រសួងសាធារណការ​ លេីកឡេីងថា​ ” ក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយតែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ”។ 

ជាងនេះទៅទៀត​ រដ្ឋន្ត្រីក្រសួងសាធារណការ ក៏បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវ ក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានជាប្រចាំ លើក្រុមហ៊ុនវិនិយោគទាំងឡាយ ដើម្បីជំរុញឱ្យពួកគេអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួង ដែលបានដាក់ចេញឱ្យខាងតែបាន ៕

ដោយ​  អេង​ ប៊ូឆេង​

To Top