ភ្នំពេញ ៖ កម្ពុជាជូនពរអាមេរិក ឲ្យទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺរាតត្បាត ជាសកល កូវីដ-១៩ ខណៈលើសកលលោក កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមក ហើយដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចពិភពលោក។
យោងតាមលិខិត របស់អ្នកនាំពាក្យ ក្រសួងការ បរទេសកម្ពុជា ស្ដីពី ការឆ្លើយតបរបស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០បានឲ្យដឹងថា កម្ពុជាថ្លែងអំណរគុណ ដែលក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ ។
អ្នកនាំពាក្យបន្ដថា រដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពជាមួយ សហរដ្ឋអាមេរិក និងជឿជាក់ យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀត ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ។
នៅក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរថា “យើងខ្ញុំសូមជូនពរ ដល់រដ្ឋាភិបាល និងប្រជាជន សហរដ្ឋអាមេរិក សូមទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធ ប្រឆាំងជាមួយ នឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាន នៃជំងឺនេះ ខណៈដែលប្រជាជាតិយើងទាំងពីរ និងប្រទេសដទៃទៀតនៅលើសកលលោក កំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមក ហើយដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រជាជនយើង និងសេដ្ឋកិច្ចពិភព លោក”៕ដោយ អេង ប៊ូឆេង